ប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធី App របស់ជាតិ ដែលម្ចាស់អាជីវកម្មនិងអ្នកប្រើ EV គួរដឹងសម្រាប់​ការសាកអាគុយ

ការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងប្រទេស​កម្ពុជា កំពុងបោះជំហានយ៉ាងលឿន ជាមួយនឹងការវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពល EV នៅទូទាំងប្រទេស ពីវិស័យឯកជន។

ទន្ទឹមនឹងនេះ ដើម្បីទទួលបានផលចំណេញ និងផលប្រយោជន៍ ម្ចាស់អាជីវកម្មផ្តល់សេវាកម្មបញ្ចូលថាមពល និងអ្នកប្រើយានយន្តអគ្គិសនី គួរយល់ពី ប្រព័ន្ធគ្រប់គ្រងស្ថានីយ (CSMS) និងកម្មវិធីទូរសព្ទរួមរបស់ជាតិ (Unified EV Mobile App) ឬ OneGo EV App។

ប្រព័ន្ធ CSMS ជាប្រព័ន្ធគ្រប់គ្រងស្ថានីយដ៏ឆ្លាតវៃ សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុងគោលបំណង​ពង្រឹង ស្ថិរភាព​នៃការគ្រប់គ្រងស្ថានីយ កាត់បន្ថយ​ការចំណាយ និងការផ្តល់ទិន្នន័យ​បាន​ច្បាស់លាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក OneGO EV App គឺជាកម្មវិធី​ចុងក្រោយសម្រាប់​អ្នកបើកបរ​រថយន្តអគ្គិសនីនៅកម្ពុជា ដោយផ្តល់​នូវបទពិសោធន៍​ប្រើប្រាស់​ល្អ មិនប្រើប្រាស់​សាច់ប្រាក់ និងងាយស្រួលប្រើ​ក្នុងការកំណត់ទីតាំង និងបង់ប្រាក់​សម្រាប់​បញ្ចូលថាមពល។ វេទិកាប្រើប្រាស់​តែមួយគត់​សម្រាប់​ការចូលប្រើបណ្តាញ​បញ្ចូលថាមពលយានយន្តអគ្គិសនីរបស់កម្ពុជា និងធ្វើឲ្យការបញ្ចូលថាមពល​មានភាពងាយស្រួល និងមានតម្លៃសមរម្យ។

សម្រាប់កម្មវិធីនេះ អ្នកបើកបរអាចស្វែងរក កក់ និងទៅកាន់ស្ថានីយ​បញ្ចូលថាមពល​ណាមួយដែលមាន​នៅក្នុងប្រទេស តាមរយៈផែនទី អាចពិនិត្យ​មើលទិន្នន័យបានភ្លាមៗទៅលើប្រភេទឆ្នាំសាក និងគ្រឿងបរិក្ខារផ្សេងទៀត។

សូមជម្រាប​ថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២៦ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគោលការណ៍ និងលក្ខខណ្ឌបច្ចេកទេសក្នុងការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងស្ថានីយ (CSMS) និងកម្មវិធីទូរសព្ទរួមរបស់ជាតិ(Unified EV Mobile App) សម្រាប់ការបញ្ចូលថាមពលយានយន្តអគ្គិសនី ជាមួយតំណាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងក្រុមហ៊ុន វ័ន្ត ផៅវ័រ ថេកណឡជី ឯ.ក នៅទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម