ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិរបស់ Tesla អាចនឹងមានការពន្យាពេលក្នុងការអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសចិន

យោងតាមរបាយការណ៍មួយរបស់ប្រទេសចិន បាននិយាយថា ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla អាចនឹងមានការពន្យាពេលក្នុងការអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសចិនជាបន្តទៀត ដែលយឺតជាងកាលដែលបានរំពឹងទុក។

ដំបូងឡើយក្រុមហ៊ុន Tesla បានប្រកាសថា ពួកគេនឹងដាក់ឲដំណើរការប្រព័ន្ធ FSD របស់ខ្លួននៅក្នុងប្រទេសចិននៅត្រីមាសទី១ នៃឆ្នាំ២០២៥ ខាងមុខនេះ។ ទោះយ៉ាងណាក៏ដោយ ប្រភពមួយបានបញ្ជាក់ថា ការដាក់ឲដំណើរការប្រព័ន្ធ FSD របស់ក្រុមហ៊ុន Tesla នេះ អាចនឹងពន្យារពេលទៅខាងមុខជាបន្តទៀត ព្រោះកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាលរបស់ប្រទេសចិន។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះបញ្ហាសំខាន់មួយដែលក្រុមហ៊ុន Tesla ប្រឈមមុខ គឺការគ្រប់គ្រង និងបញ្ចូលទិន្នន័យភូមិសាស្ត្ររបស់ប្រទេសចិនទៅក្នុងរថយន្តរបស់ពួកគេ ដោយច្បាប់របស់ប្រទេសចិនកំណត់ឱ្យក្រុមហ៊ុនបរទេសដែលចង់ប្រើប្រាស់ទិន្នន័យរថយន្តទាំងអស់របស់ពួកគេត្រូវតែធ្វើការជាមួយអង្គភាពក្នុងស្រុកដែលមានការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីគ្រប់គ្រង ប្រមូល និងបញ្ជូនទិន្នន័យទាំងនោះ មានន័យថា ក្រុមហ៊ុន Tesla ត្រូវតែចុះបញ្ជីជាមួយក្រុមហ៊ុនក្នុងស្រុក និងធ្វើការសហការ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ FSD នៅក្នុងប្រទេសចិន។

ក្នុងនោះ លោក Elon Musk នាយកប្រតិបត្តិរបស់ Tesla បាននិយាយថា ក្រុមហ៊ុនកំពុងព្យាយាម និងទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនសម្រាប់ការប្រើប្រាស់ទិន្នន័យវីដេអូមួយចំនួន សម្រាប់បណ្តុះបណ្តាលប្រព័ន្ធ FSD។ ទន្ទឹមនឹងនេះ ប្រភពមួយបានរាយការណ៍ថា ទិន្នន័យនេះ នឹងត្រូវបានអាជ្ញាធរចិនត្រួតពិនិត្យយ៉ាងម៉ត់ចត់ដើម្បីធានាថាមានការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់។

ក្រៅពីនេះ ក្រុមហ៊ុន Mobileye ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបើកបរស្វ័យប្រវត្តិរបស់ Intel ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសចិនផងដែរ។ នេះបង្ហាញថា ក្រុមហ៊ុនទាំងពីរនេះ កំពុងព្យាយាមដោះស្រាយនូវបញ្ហាដោយសហការជាមួយអាជ្ញាធរ និងអង្គភាពក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ និងដាក់ប្រើប្រាស់ប្រព័ន្ធ FSD នៅក្នុងប្រទេសចិនឲទទួលបានដោយជោគជ័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម