ប្រព័ន្ធសាំងរបស់រថយន្ត រួមបញ្ចូលគ្នានូវគ្រឿងបង្គុំដែលផ្ទុក និងបញ្ជូនសាំងចេញពីធុងសាំង ចូលទៅដុតចំហេះក្នុងម៉ាស៊ីនដើម្បីដំណើរការរថយន្ត។ មុខងារចម្បងនៃប្រព័ន្ធនេះ ផ្តល់នូវការផ្គត់ផ្គង់សាំងដែលត្រូវបានសម្អាត មុនចូលក្នុងម៉ាស៊ីន ដើម្បីឲ្យរថយន្តដំណើរការដោយរលូន ប្រសិទ្ធភាព កម្លាំងខ្លាំង និងកាត់បន្ថយការបញ្ចេញផ្សែង។

គ្រឿងបង្គុំក្នុងប្រព័ន្ធសាំង និងតួនាទីរបស់វារួមមានដូចជា៖
១. ធុងសាំងៈ ជាកន្លែងផ្ទុកសាំងរបស់រថយន្ត។
២. ទុយោសាំងៈ ជាកន្លែងនៃលំហូរសាំងចូលទៅក្នុងម៉ាស៊ីន ដែលវាត្រូវតែមានភាពធន់ ទប់កម្តៅ និងរក្សាសម្ពាធ ដើម្បីធានាដល់ការបញ្ជូនសាំង។
៣. តម្រងសាំងៈ វាជាអ្នកច្រោះសម្អាតដី ធូលី កម្ទចកម្ទីចេញពីសាំង មុនចូលទៅក្នុងម៉ាស៊ីន។

៤. បូមសាំងៈ វាជាអ្នកទាញយកសាំងចេញពីធុងសាំង ចូលទៅម៉ាស៊ីន។

៥. កុងទ័រសាំង៖ វាជារង្វាស់មួយដែលអាចឲ្យអ្នកបើកបរ ប៉ាន់ស្មានពីកម្រិតសាំងដែលនៅសល់ក្នុងធុង។ ប្រសិនបើសាំងនៅសល់តិចមែនទែននោះ វានឹងលោតចេញសញ្ញាធុងសាំងនៅលើកុងទ័រ ដើម្បីឲ្យអ្នកបើកបរ ចាក់បំពេញឲ្យបានឆាប់។
៦. ប៊ិចសាំង៖ វាជាអ្នកបាញ់សាំងនៅក្នុងបន្ទប់ចំហេះដើម្បីដុតជាមួយល្បាយខ្យល់។
៧. ឧបករណ៍ថ្លឹងសម្ពាធសាំង៖ វាជាអ្នកសម្រួលលំហូរសាំង ស្របតាមតម្រូវការរបស់ម៉ាស៊ីន ហើយបើសាំងលើស វានឹងកំណត់ឲ្យបញ្ជូនសាំងចូលក្នុងធុងវិញ។
៨. រ៉ែលសាំង (Fuel Rail): វាជាអ្នកបញ្ជូនសាំងដោយផ្ទាល់ទៅឲ្យប៊ិចសាំង ដោយវានៅជាប់ជាមួយគ្នាតែម្តង៕























