ប្រព័ន្ធឲ្យរថយន្តបើកបរដោយខ្លួនឯងទាំងស្រុង (FSD) របស់ Tesla នឹងមានប្រើប្រាស់នៅក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ លោក Elon Musk បានធ្វើដំណើរទស្សនកិច្ចដោយមិនប្រកាសមួយ បានជួបនាយករដ្ឋមន្ត្រី Li Qiang នៅទីក្រុងប៉េកាំងជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការដំណើរការកម្មវិធី Full Self-Driving (FSD) និងការអនុញ្ញាតឲ្យផ្ទេរទិន្នន័យទៅក្រៅប្រទេស ។

ក្នុងនោះ យោង​តាម​របាយការណ៍​មួយបាន​​អះអាង​ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​​អ៊ីនធឺណិត​ធំ​បំផុត​របស់​ប្រទេស​ចិន​ Baidu ​អនុញ្ញាត​ឲ្យ​ Tesla ​អាច​ចូល​ប្រើប្រាស់​ទិន្នន័យ​ផែនទី​ដែល​ចាំបាច់​ដើម្បីដាក់ចូលនៅប្រព័ន្ធ Full Self-Driving system នៅក្នុងប្រទេសចិន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោបីជាភាពជាដៃគូរវាងក្រុមហ៊ុន Tesla និងក្រុមហ៊ុន Baidu ចាប់ផ្តើមតាំងពីឆ្នាំ ២០២០ មកក៏ដោយ ក៏កិច្ចព្រមព្រៀងនេះ មិនមែនផ្តាច់មុខលើទិន្នន័យផែនទីរបស់ Baidu ទេ ដោយក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនជាច្រើនផ្សេងទៀតទៅលើប្រព័ន្ធនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា ចំពោះក្រុមហ៊ុនផលិតរថយន្តបរទេសដែលចង់បើកដំណើរការប្រព័ន្ធបើកបរខ្លួនឯង FSD ត្រូវតែសហការជាមួយក្រុមហ៊ុនចិនដើម្បីទទួលបានអាជ្ញាប័ណ្ណ ដោយក្នុងនោះ ក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ១២ បច្ចុប្បន្នដែលអាចមានសិទ្ធផ្តល់នៅអាជ្ញាប័ណ្ឌនេះ ។

គួរឲ្យដឹងថា ប្រព័ន្ធបើកបរដោយខ្លួនពេញលេញ FSD មិនត្រូវបានផ្តល់ជូននៅក្នុងទ្វីបអឺរ៉ុបទេ ប៉ុន្តែមាននៅក្នុងសហរដ្ឋអាមេរិក ដែលប្រព័ន្ធស្វយ័តរបស់ Tesla ត្រូវបានកំពុងបើកការស៊ើបអង្កេតពីអង្គភាព NHTSA ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម