ប្រព័ន្ធ Infotainment MBUX ថ្មី របស់ក្រុមហ៊ុន Mercedes-Benz ត្រូវបានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំង ព្រមទាំងជួយលើកកម្ពស់ផ្នែកខាងក្នុងរថយន្ត ឲ្យមានអារម្មណ៍កាន់តែទំនើបទៀតផង។
នៅព្រឹត្តិការណ៍ Mobile World Congress ឆ្នាំ ២០១៩ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្រុមហ៊ុន Mercedes-Benz បានដាក់តាំងបង្ហាញម៉ូដែល CLA ថ្មីរបស់ខ្លួន ដោយប្រព័ន្ធកម្សាន្ត MBUX របស់វា អាចលេងហ្គេមប្រណាំងឡានដ៏ល្បី SuperTuxTart (ស្រដៀង Mario Kart)។
ក្រុមហ៊ុន Mercedes-Benz មិនត្រឹមតែដំឡើងកម្មវិធីហ្គេមលើ MBUX ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យវាដំណើរការជាមួយនឹងប៊ូតុងបញ្ជារបស់រថយន្តទៀតផង។ ហេតុដូច្នេះហើយ អ្នកលេងអាចប្រើប្រាស់ចង្កូត និងឈ្នាន់ហ្គែររបស់ CLA ដើម្បីលេងហ្គេមនោះ។ លើសពីនេះ ចង្កឹះលេខដៃលើដៃចង្កូត (Paddles Shift) អាចប្រើដើម្បីអនុវត្តមុខងារហ្គេមជាច្រើន។
អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ បានរចនាប្រព័ន្ធម៉ាស៊ីនត្រជាក់ ឲ្យបាញ់ខ្យល់កាន់តែខ្លាំងក្នុងកាប៊ីនរថយន្ត នៅពេលដែលអ្នកលេងបន្ថែមល្បឿន។ លើសពីនេះទៅទៀត ប្រព័ន្ធភ្លើង Ambient Lighting ក្នុងរថយន្តក៏ផ្លាស់ប្តូរពណ៌ទៅតាមនោះ ខណៈខ្សែក្រវ៉ាត់រថយន្តនឹងរឹតបន្តឹងដោយស្វ័យប្រវត្តិ ពេលអ្នកលេងបើកបុកអ្វីមួយ។
ទោះបីជាយ៉ាងណាក៏ដោយ ការលេងហ្គេមនៅក្នុងរថយន្តនៅពេលដែលអ្នកកំពុងបើកបរ ឬរង់ចាំភ្លើងស្តុប មិនមែនជារឿងល្អឡើយ ដូច្នេះវាអាចលេងបានតែនៅពេលរថយន្តចតប៉ុណ្ណោះ។ យ៉ាងណាមិញ នេះគ្រាន់តែជាអំនួតមួយរបស់ក្រុមហ៊ុន Mercedes-Benz ចង់បង្ហាញពីសមត្ថភាពប្រព័ន្ធកម្សាន្ត MBUX របស់ខ្លួនប៉ុណ្ណោះ៕