នាពេលថ្មីៗនេះ គេប្រមាញ់បានរថយន្ត Mercedes-Benz G-Class (G500 / G550) ស៊េរីថ្មី កំពុងសម្ងំលាក់ខ្លួនធ្វើតេស្ត មុនពេលបង្ហាញខ្លួនជាផ្លូវការ។
តាមរយៈរូបថតប្រមាញ់បានទាំងនោះ យើងអាចមើលឃើញថា រថយន្ត G-Class ថ្មី ក៏មិនខុសពីស៊េរីមុនៗដែរ ដោយនៅតែរក្សាការឌីហ្សាញរូបរាងជ្រុងៗ ជាមួយនឹងចង្កៀងមុខមូលយ៉ាងទាក់ទាញ។
ដោយឡែក រថយន្តកំពុងធ្វើតេស្តនោះ មានបំពាក់រឺហ្គែរ ២ជាន់នៅលើដំបូង ហើយមានអំពូលភ្លើង LED ភ្ជាប់នៅលើនោះ ព្រមទាំងរបាំងការពារកង់សាគួនៅខាងក្រោយផងដែរ។ បន្ថែមពីនោះ គេក៏សង្កេតឃើញកន្លែងប្លែកខុសគ្នាដទៃទៀត ដូចជា ឈ្នាន់ជើងចំហៀង និងរបាំងកង់ ក៏ដូចជាកាងមុខ និងកាងក្រោយផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេអំពីជម្រើសម៉ាស៊ីនរបស់វា ប៉ុន្តែគេរំពឹងថា វានឹងប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 ដោយ G-Class ស៊េរីមុនដែលបំពាក់ម៉ាស៊ីននេះ គឺអាចបង្កើតកម្លាំងបាន ៤១៦សេះ៕