ប្រឡងយកបណ្ណបើកបរ បើធ្លាក់ទ្រឹស្តី តើធ្វើម្តេចអាចបន្តប្រឡងដៃចង្កូតទៀតបាន?

ការប្រឡងយកបណ្ណបើកបរ មិនថាប្រភេទណានោះទេ គឺមាន២ដំណាក់កាល ទី១ ប្រឡងទ្រឹស្តី ដែលធ្វើឡើង​តាមប្រព័ន្ធកុំព្យូទ័រ និងទី២ ប្រឡងដៃចង្កូតផ្ទាល់នៅទីលានប្រឡង ឬផ្លូវសាធារណៈដែលកំណត់ដោយក្រសួង។ យ៉ាងណាមិញ ប្រសិនបើប្រឡងធ្លាក់ទ្រឹស្តី គឺមិនអាចបន្តទៅប្រឡងដៃចង្កូតបានឡើយ ពោលគឺ​ត្រូវប្រឡងសងទ្រឹស្តី​ឲ្យបានជាប់ជាមុនសិន ទើបអាចបន្តប្រឡងដៃចង្កូតទៀតបាន។

សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចដោនឡូតកម្មវិធី Cambodia Driving Rules ទាំងនៅលើ AppStor និង PlayStore ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ និងធ្វើតេស្តសាកល្បង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការដាក់ពាក្យសុំប្រឡងយកបណ្ណបើកបរ អាចធ្វើតាម​ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់ណាមួយរបស់ក្រសួង ជាមួយឯកកសារតម្រូវរួមមាន៖

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

-លិខិតឆ្លងដែន ទិដ្ឋាការដែលមានសុពលភាពយ៉ាងតិច ៣០ថ្ងៃ និងលិខិតបញ្ជាក់អាសយដ្ឋាន (ចំពោះជនបរទេស)

-លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើបាននៅទីតាំងផ្តល់សេវា)

-រូបថតផ្ទៃស ៤ x ៦

គួរបញ្ជាក់បន្ថែមថា ចំពោះការស្នើសុំប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីសាលាបង្រៀនបើកបរយានយន្ត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង​វិសោធនកម្ម ឆ្នាំ២០១៧ ឲ្យដឹងថា អ្នកបើកបរម្នាក់​ មានសិទ្ធិ​កាន់បណ្ណបើកបរតែមួយគត់។ អាយុអ្នកបើកបរ ត្រូវកំណត់តាមប្រភេទបណ្ណបើកបរ រួមមាន​៖

-អាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ

-អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១

-អាយុ ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម