ប្រាក់ចំណេញនៅឆមាសទីមួយឆ្នាំនេះរបស់ BYD ធ្លាក់ចុះ ២៩ភាគរយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co Ltd បានប្រកាសពីការធ្លាក់ចុះ ២៩,៤១ ភាគរយ នៃប្រាក់ចំណេញនៅឆមាសទីមួយ ឆ្នាំ២០២១ កាលពីថ្ងៃសុក្រ និងបានព្រមានអំពីបញ្ហាប្រឈមពីការកើនឡើងនៃតម្លៃទំនិញ និងវត្ថុធាតុដើមទៀតផង។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសិនជិន ដែលគាំទ្រដោយវិនិយោគិនអាមេរិក Warren Buffett ហើយផលិតផលរបស់ពួកគេរួមមានរថយន្តអគ្គិសនី និង plug-in hybrid បានប្រកាសប្រាក់ចំណេញចំនួន ១,១៧ ពាន់លានយ័ន ឬស្មើនឹង ១៨០,៦៦ លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះពី ១,៦៦ ពាន់លានយ័ន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះក្រុមហ៊ុន BYD បានលក់រថយន្តចំនួន ២៤៦ ៦៨៩ គ្រឿង ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើង ៥៦ ភាគរយបើធៀបនឹងឆ្នាំមុន។ របាយការណ៍នេះបានបង្ហាញពីការកើនឡើង ៥៣,៦ ភាគរយនៃប្រាក់ចំណូល រយៈពេល ៦ ខែ ដល់ចុងខែមិថុនា ចំនួន ៨៩,១៣ ពាន់លានយ័ន ដែលជំរុញដោយផលិតផលដែលមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា ក្រុមហ៊ុន BYD ក៏កំពុងផលិតអាគុយរថយន្តអគ្គិសនី និងអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូនិកសម្រាប់រថយន្តវៃឆ្លាត (smart car) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម