នៅពេញមួយឆ្នាំ ២០១៩ ក្រុមហ៊ុន Lexus អាចលក់រថយន្តបានសរុប ៧៦៥ ៣៣០ គ្រឿងនៅជុំវិញពិភពលោក ដែលបង្កើតបានកំណត់ត្រាលក់ថ្មី ធៀបនឹងឆ្នាំមុនមានកំណើន ១០%។
បន្ថែមពីនេះចំនួនរថយន្តទូទាំងពិភពលោកនៅឆ្នាំ ២០១៩ រុញឲ្យ Lexus លក់រថយន្តបានដល់ខ្ទង់ ១០ លានគ្រឿង ជាឆ្នាំគម្រប់ខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុន (១៩៨៩-២០១៩)។
Lexus និយាយថាកំណើនលក់រថយន្តគឺបានដោយសារ ការពេញនិយមនៃរថយន្ត Hybrid របស់ខ្លួន មានដូចជា UX 250h ថ្មី និង RX 450h ដែលអាប់ដេតថ្មីជាដើម។ ចាប់តាំងពីឆ្នាំ ២០០៥ មក Lexus អាចលក់រថយន្ត Hybrid នៅទូទាំងពិភពលោកបានជាង ១,៧ លានគ្រឿង ធ្វើឲ្យ Lexus ក្លាយជាក្រុមហ៊ុនដែលលក់រថយន្តប្រណីត Hybrid បានច្រើនជាងគេ។
ក្រៅពីជោគជ័យជាមួយរថយន្ត Hybrid ក្រុមហ៊ុន Lexus ក៏បោះជំហានខាងរថយន្តប្រើថាមពលអគ្គិសនីផងដែរ ដោយបានចាប់ផ្ដើមជាមួយ UX 300e ជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន។ រថយន្ត Lexus UX 300e គ្រោងនឹងចេញលក់នៅអឺរ៉ុបនៅចុងឆ្នាំនេះ៕