ប្រេនរថយន្តម៉ាឡេស៊ី បញ្ចេញ EV ជាលើកដំបូងដែលមាននាយករដ្ឋមន្រ្តីសម្ពោធដោយផ្ទាល់

ក្រុមហ៊ុន Perodua ដែលជាប្រេនរថយន្តម៉ាឡេស៊ី បាន​បញ្ចេញរថយន្តអគ្គិសនីជាលើកដំបូងគឺ ម៉ូឌែល QV-E មានតម្លៃចាប់ពីជាង ១៩ ០០០ដុល្លារឡើងទៅ។ នេះជារថយន្តអគ្គិសនីជាតិទីមួយរបស់ប្រទេសម៉ាឡេស៊ី ដែលអភិវឌ្ឍពេញលេញ រាប់ចាប់តាំងពីការឌីហ្សាញ រហូតដល់ការផលិត ដែលចូលរួមបើកសម្ពោធ​ដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីលោក Datuk Seri Anwar Ibrahim តែម្តង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបង្ហាញពីមោទនភាព និង​បាន​ថ្លែងថា វាមិនត្រឹមតែជាការបើកសម្ពោធរថយន្តអគ្គិសនីប៉ុណ្ណោះទេ  ប៉ុន្តែនោះគឺជាការធ្វើឡើង​តាមរយៈភាពវៃឆ្លាត វិន័យ និងការខិតខំធ្វើការរបស់​ប្រជាជន​ម៉ាឡេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត QV-E បំពាក់អាគុយលីចូមផូស្វាត (LFP)  ទំហំ ៥២,៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបានចម្ងាយ ៤៤៥គីឡូម៉ែត្រ។ រថយន្តនេះ បំពាក់​ម៉ូទ័រអគ្គិសនី១ ផលិតបានកម្លាំង ២០១សេះ ជាន់ស្ទុះពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៧,៥វិនាទី និងមានល្បឿនអតិបរមា ១៦៥គ.ម/ម៉ ដែលធ្វើឲ្យវាក្លាយជាម៉ូឌែលលឿនបំផុតក្នុងចំណោមរថយន្តរបស់ Perodua។

រថយន្តអគ្គិសនី​នេះ មកជាមួយយ៉ាន់កង់ alloy ១៨អ៊ីញ, ចង្កៀងមុខក្រោយ LED, ដៃទ្វារលឹប និង spoiler លើដំបូលផងដែរ។ ផ្នែកខាងក្នុង មាន​កុងទ័រឌីជីថល ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តថាច់ស្គ្រីនចំកណ្តាលអាចភ្ជាប់ Apple CarPlay និង Android Auto។ ចំណែកម៉ូដបើកបររួមមាន Eco, Normal និង Sport ប្រើប្រាស់តាមស្ថានភាពផ្លូវ ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម