ប្លែកខុសគេ! ឡាន Tesla ចង់ដាក់លេខទៅមុខ-ថយក្រោយ លែងប្រើចង្កឹះលេខ ឬប៊ូតុងទៀតហើយ

ការផ្លាស់ប្តូរលេខមិនមែនជារឿងស្មុគស្មាញឡើយ ព្រោះថាក្រុមហ៊ុនផលិតរថយន្តជាច្រើន តែងតែផ្តល់នូវលេខ P, R, N និង D តាមរយៈការប្រើប្រាស់ចង្កឹះលេខ ឬប៊ូតុងជាដើម។

វាគ្មានអ្វីខុសឡើយចំពោះការដាក់ឲ្យប្រើបែបនេះ ប៉ុន្តែក្រុមហ៊ុន Tesla ឯណោះវិញ បានគិតផ្ទុយខុសពីគេស្រឡះតែម្តង។ នៅពេលដែលរថយន្ត Tesla Model S និង Tesla Model X ចេញស៊េរីថ្មី ពួកវានឹងបំពាក់មុខងារដែលគ្រប់គ្នាកំពុងជជែកវែកញែកគ្នា យ៉ាងចម្រូងចម្រាស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាក់ស្តែង ជំនួសឲ្យដៃចង្កូតមូលធម្មតា រថយន្ត Model S និង Model X នឹងប្រើដៃចង្កូតមានរាងជាចតុកោនកែងមួយកំណាត់ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ពួកវានឹងគ្មានដងវៃភ្លើងស៊ីញ៉ូ ឬចង្កឹះដាក់លេខទៀតឡើយ។ ក្នុងនោះដែរ លោក Elon Musk បានអះអាងថា “រថយន្តនឹងអាចទាយដឹងពីទិសដៅដែរវាត្រូវទៅ ដោយផ្អែកលើឧបសគ្គដែលវាមើលឃើញ និងផែនទី។ អ្នកក៏អាចបដិសេធដំណើរការនេះ ដោយបញ្ជាលើអេក្រង់បានដែរ”។

បើយោងតាមវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញឲ្យឃើញថា អ្នកបើកបរអាចដាក់លេខទៅមុខ ឬទៅក្រោយបាន តាមរយៈការបញ្ជាលើអេក្រង់ Touchscreen នៅផ្នែកកណ្តាល ដោយអូសទៅលើដើម្បីដាក់លេខទៅមុខ និងអូសមកក្រោមដើម្បីដាក់លេខទៅក្រោយវិញ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម