ចាប់តាំងពីបង្ហាញចេញកាលពីឆ្នាំ២០១៨មក រថយន្ត Suzuki Jimny ជំនាន់ទីបួន បានក្លាយជារថយន្តដ៏ល្បីឈ្មោះមួយ ហេតុនេះហើយមានក្រុមហ៊ុនលេងរថយន្តជាច្រើនផ្ដល់ជម្រើសតុបតែងពិសេសសម្រាប់រថយន្តនេះ។
ថ្មីៗនេះដែរគេបានប្រទះឃើញក្រុមហ៊ុនជប៉ុនមួយឈ្មោះថា T-style បានធ្វើការកែច្នៃដ៏ពិសេសមួយ តាមរយៈការបន្ថែមមុខរថយន្ត Jimny ទៅលើរថយន្តវ៉ែន Suzuki Every។ ជាលទ្ធផលគឺបង្កើតបានជារថយន្តឈ្មោះថា Jimry ដែលមានចែកចេញជាច្រើនប្រភេទផ្សេងៗគ្នា ផ្អែកតាមចំណង់ចំណូលចិត្តអតិថិជន។
ការផ្លាស់ប្ដូរមុខមាត់នេះគឺមានតម្លៃប្រមាណ ២ ១៨០ដុល្លារ ហើយបន្ថែមពីលើការកែកុនមុខមាត់ ក្រុមហ៊ុន T-style ក៏មានផ្ដល់សេវាកម្មផ្លាស់ប្ដូរប្រភេទបូម និងបន្ថែមជំនួយលើបូមផងដែរ ដើម្បីឲ្យរថយន្តវ៉ែនអាចបើកបរលើផ្លូវលំបាកបានកាន់តែល្អប្រសើរជាងមុខ។
គួរដឹងថាក្រុមហ៊ុននេះក៏មានដាក់លក់រថយន្តជាច្រើនជម្រើសដែលបានកែកុនរួចហើយផងដែរ ដោយក្នុងនោះឃើញមានប្រភេទថ្លៃជាងគេគឺមានតម្លៃលក់រហូតដល់ប្រមាណ ២១ ៨០០ដុល្លារ ឯណោះ៕