[ទីផ្សារបរទេស] ក្រុមហ៊ុនអូស្ត្រាលីមួយដែលមានឈ្មោះថា Creative Conversions អាចកែច្នៃប្រែក្លាយរថយន្ត Toyota Land Cruiser Series 300 ទៅជារថយន្តភីកអាប់ ២បាំង។ ដំណើរការនៃការធ្វើនេះ គឺមិនសាមញ្ញដូចការកាត់បន្ទះតួមួយចំនួននោះទេ ចាប់តាំងពីការបំប្លែងពីរថយន្ត SUV ដឹកអ្នកដំណើរទៅជារថយន្តប្រភេទដឹកភីកអ៊ាប់ ២បាំង ដោយទាមទារការបន្ថែមនៃកម្លាតកង់មុខក្រោយ ដើម្បីបង្កើតកន្លែងសម្រាប់ដាក់ទ្រុងឃ្លុបខាងក្រោយអោយមានទំហំត្រឹមត្រូវ។ ក្រុមហ៊ុនកំពុងផ្តល់ជម្រើសបីផ្សេងគ្នាដល់ម្ចាស់ Land Cruiser ដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកដែលនឹងប្រើប្រាស់រថយន្តសម្រាប់អូសសណ្តោង ការធ្វើដំណើរ ឬធ្វើការងារ។
អ្វីគ្រប់យ៉ាងចាប់ផ្តើមដោយការកាត់ពីផ្នែកខាងក្រោយនៃរថយន្ត Land Cruiser ដោយបន្សល់តួសាក់សុីរបស់វា។ ការកាត់នេះដើម្បីអោយគម្លាតកង់មុខក្រោយពង្រីកទំហំពី ៧០០ មីលីម៉ែត្រ ទៅ ៨០០ មីលីម៉ែត្រ។ រថយន្តនឹងមានប្រវែងទ្រុងក្រោយវែង ដោយសារតែមានការភ្ជាប់ទ្រុងខាងក្រោយ ដែលរួមផ្សំជាមួយនឹងការពង្រីកប្រវែងផ្នែកកង់ខាងក្រោយប្រវែង ១ ៨០០ មីលីម៉ែត្រ ដល់ ២ ១០០ មីលីម៉ែត្រ។ ការធ្វើនេះ បានធ្វើអោយរថយន្តនេះមានទម្ងន់រថយន្តសរុបពី ៣,៥តោន ទៅជាង ៣,៨តោន ឬជិត ៥តោន និងអាចសមត្ថភាពកាន់តែល្អប្រសើរសម្រាប់ការអូសសណ្តោងពី ៣,៥តោន ទៅជា ៤,២តោន។
ជាចុងក្រោយ របាំងបន្ទះខណ្ឌចែកផ្នែកខាងក្រោយត្រូវបានបន្ថែមនៅខាងក្រោយជាមួយនឹងកញ្ចក់ខាងក្រោយ ដែលជារចនារបស់រថយន្តភីកអ៊ាប់។ Land Cruiser រក្សាផ្នែកខាងក្នុងរបស់វា ដោយលើកលែងតែកន្លែងនៅខាងក្រោយកៅអីជួរទីពីរដែលត្រូវកាត់ចេញ។
រថយន្ត Land Cruiser មានជម្រើសម៉ាស៊ីនប្រភេទរូមមាន៖ ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ twin-turbo V6 ដែលផលិតកម្លាំងបាន ៤១៥ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ។ ខណៈ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣ លីត្រ V6 ដែលមានកម្លាំងអតិបរមា ៣០៩ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ។
ជាមួយគ្នានេះ ក្រុមហ៊ុន Creative Conversions បាននិយាយថា ខ្លួនបានបញ្ចប់ការច្នៃនៅរថយន្ត Land Cruisers ចំនួន ២ គ្រឿងក្នុងចំនោមរថយន្ត Land Cruisers ៥គ្រឿងផ្សេងទៀត ដែលនឹងបន្តកែច្នៃបែបនេះ។ នៅប្រទេសអូស្ត្រាលី Toyota Land Cruiser មានតម្លៃប្រហែល ៦០ ៥០០ ដុល្លារ ជាមួយនឹងកញ្ចប់ conversation package អតិថិជនត្រូវចំណាយច្រើនជាង ៣៩ ០០០ ដុល្លារថែមទៀត៕