ផ្លូវការហើយ BMW 5 Series នឹងមានប្រភេទប្រើអគ្គិសនីសុទ្ធ

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន BMW បាន​បង្ហាញ​ចេញ​រថយន្ត​ iX3 ដែល​ជា​រថយន្ត​ SUV អគ្គិសនី​ដំបូង​របស់​ខ្លួន។ នា​ពេល​នេះ BMW បាន​ប្រកាស​ថា​រថយន្ត​ 5 Series ជំនាន់​បន្ទាប់ និង​រថយន្ត​ X1 នឹង​មាន​ជា​ប្រភេទ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ផង​ដែរ។

កន្លង​មក​គេ​ធ្លាប់​លេច​ឮ​ដំណឹង​អំពី​រថយន្ត​អគ្គិសនី​ទាំង​ពីរ​ដែរ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ដែល BMW បាន​​និយាយ​អំពី​រថយន្ត​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ទាំង​ពីរ​នេះ។ យ៉ាងណាក្ដី BMW មិនបាន​បញ្ចេញ​ព័ត៌មាន​អ្វី​ច្រើន​ ក្រៅ​តែ​ពី​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នេះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេ​រំពឹង​ថា​រថយន្ត​ទាំង​ពីរ​ដែល​មាន​រៀប​ចំ​ប្រព័ន្ធ​អគ្គិសនី​​ស្រដៀង​នឹង​​រថយន្ត iX3 ដែរ ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ​អាច​បញ្ជូន​កម្លាំង​ ២៨២​សេះ ទៅ​កាន់​កង់​ក្រោយ​រថយន្ត និង​ជិះ​បាន​ចម្ងាយ​ ៤៥៨​គ.ម ពេល​សាក​ភ្លើង​ពេញ។

គួរ​ដឹង​ដែរ​ថា BMW ក៏​បាន​​ប្រកាស​ជា​មួយ​គ្នា​ដែរ អំពី​ផែនការ​​កាត់​បន្ថយ​ការ​សាយ​ភាយ​ឧស្ម័ន​កាបូនិច​លើ​រថយន្ត​នីមួយៗ​របស់​ខ្លួន​ឲ្យ​បាន ១​ភាគ​៣ នៅ​ត្រឹម​ឆ្នាំ ២០៣០​ខាង​មុខ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម