ផ្លូវការ! ឡានអគ្គិសនី Torres EVX សាកភ្លើងម្តងជិះបាន ៥០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត KG Mobility ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនថ្មីរបស់ SsangYong បានធ្វើការដាក់បង្ហាញចេញជាផ្លូវការ ក៏ដូចព័ត៌មានលម្អិតនៃរថយន្ត SUV អគ្គិសនី Torres EVX ថ្មី នៅឯពិព័រណ៌រថយន្ត Seoul Mobility Show ជាមួយតម្លៃលក់ចាប់ពី ៣៧ ៩១៨ ដុល្លារ ដល់ ៣៩ ៨៣៣ ដុល្លារ ប៉ុន្តែដោយសារទទួលការឧបត្ថម្ភសម្រាប់រថយន្តអគ្គិសនីនៅទីផ្សារកូរ៉េខាងត្បូង រថយន្តនេះមានតម្លៃចាប់ពីត្រឹម ២២ ៩៧៨ ដុល្លារប៉ុណ្ណោះ។

រថយន្ត SUV អគ្គិសនីនេះ មានប្រវែងសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៩០ ម.ម  និងកម្ពស់ ១ ៧២៥ ម.ម ។ សម្រាប់ការរចនា Torres EVX មាន​លក្ខណៈ​ខុស​ប្លែក​ពី Torres ធម្មតា ដោយសារ​តែ​ផ្នែកខាងមុខ​ដែល​បាន​រចនា​ឡើង​វិញ​ជាមួយ​នឹង​របារអំពូលបំភ្លឺពេលថ្ងៃ LED នៅពីលើប៉ាណាមុខបិទជិតរចនាប័ទ្មរបស់ Jeep ជាមួយនឹងភ្លើងបំភ្លឺចំនួន ៦, កាង​ក៏​មាន​លក្ខណៈ​ពិសេសអបសងខាងជាមួយ​នឹង​ចង្កៀង​មុខ ប្រើប្រាស់ថាសកង់ស្ព័រថ្មីទំហំ ២០ អ៉ីញ ខណៈដែលផ្នែកខាងក្រោយមានចង្កៀង LED រចនាបែប Unique ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងសម្រាប់មនុស្ស ៥ អ្នក ដោយផ្ទៃតាឡូ និងកុងសូលកណ្តាលបានតុបតែងជាឈើ និងមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្តរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ។ បន្ថែមពីនេះ សម្រាប់កន្លែងដាក់ឥវ៉ាន់មានទំហំ ៨៣៩ លីត្រ ហើយក៏មានជម្រើសដំបូលបែប Panoramic sunroof ផងដែរ។

KG Mobility Torres EVX ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេស ផ្គួវជាមួយអាគុយទំហំ ៧៣,៤ គីឡូវ៉ាត់ម៉ោងរបស់ក្រុមហ៊ុន BYD អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ឬច្រើនជាង ៤២០ គីឡូម៉ែត្រ នៅក្រៅទីផ្សាររបស់ប្រទេសកូរ៉េ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម