[ទីផ្សារបរទេស] រថយន្ត Jeep Wrangler 4xe បានឈ្នះពានរង្វាន់ 2022 Women’s World Car of the Year (WWCOTY) សម្រាប់ប្រភេទរថយន្តប៉ុងពីរ (4×4)។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកកាសែតចំនួន ៥៦ នាក់មកពី ៤០ ប្រទេសផ្សេងគ្នានៅទូទាំង ៥ ទ្វីប។ លក្ខណៈវិនិច្ឆ័យសម្រាប់ពានរង្វាន់ខាងលើ គឺផ្អែកលើរបៀបដែលរថយន្តដំណើរការបានល្អនៅក្នុងផ្នែករៀងៗខ្លួន។
អស់រយៈពេល ១២ ឆ្នាំមកហើយ ការបោះឆ្នោតនេះផ្អែកលើលក្ខណៈវិនិច្ឆ័យនៃលក្ខណៈសុវត្ថិភាពរបស់រថយន្ត លក្ខណៈនៃការបើកបរ កម្រិតផាសុកភាព ការច្នៃប្រឌិតបច្ចេកវិទ្យា ការរចនា កម្រិតសន្សំសំចៃ ផលប៉ះពាល់ដែលវាមានលើបរិស្ថាន និងតម្លៃរថយន្ត។
ក្នុងនោះ រថយន្ត Jeep Wrangler 4xe ត្រូវបានជ្រើសរើសជាអ្នកឈ្នះសម្រាប់ឆ្នាំ ២០២២ ដោយសារតែប្រព័ន្ធ Hybrid របស់វា។
សូមបញ្ជាក់ថា រថយន្ត Jeep Wrangler 4xe មានបំពាក់ម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយកម្លាំង ១៧,៣គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ៣៧៥សេះ ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ២១ម៉ាយ៍ (៣៣គីឡូម៉ែត្រ) ទៀតផង៕