ផ្លូវល្បឿនលឿនបន្តរក្សាតម្លៃដដែល ១ឆ្នាំបន្តទៀត ខណ: ១ឆ្នាំកន្លងទៅ មានយានយន្តធ្វើដំណើរសរុបប្រមាណជាង ៤,៦លានគ្រឿង

[ក្នុងស្រុក] ផ្លូវល្បឿនលឿននេះភ្នំពេញ-ក្រុងព្រះសីហនុ គឺផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា និងបានបើកដំណើការអស់រយ:ពេល ១ឆ្នាំហើយ ដោយបានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក នូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងសម្រួលដល់ការ ដឹកជញ្ជូនទំនិញរវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ជាមួយយានយន្តធ្វើដំណើរសរុបចំនួន ៤ ៦៧៩ ២២២គ្រឿង ស្មើទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ នេះបើយោងតាមការបង្ហាញចេញពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ដើម្បីអបអរសាទរខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿននេះ នាពិធីអបអរសាទរខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿននេះ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រួមជាមួយការសម្របសម្រួលពី រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតផង ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំបន្តទៀត ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប៉ុន្តែសម្រាប់ អ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេលតែ ៦ខែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររម្លឹកដែរថា ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧ ០៥គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធនាល្ងាចថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម