[ទីផ្សារបរទេស] ក្រុមហ៊ុន MG បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេស MG 5 Scorpio ជាផ្លូវការ ជាមួយការឌីស្សាញផ្តោតសំខាន់ទៅលើប្រណិតភាព និងរូបរាងដ៏ទាក់ទាញបែបស្ព័រ។
រថយន្ត MG 5 Scorpio មានប្រវែងសរុប ៤ ៦៧៥មម, ទទឹង ១ ៨៤២មម, កម្ពស់ ១ ៤៨០មម និង ប្រវែងគម្លាតកង់ ២ ៦៨០មម។
សម្រាប់រូបរាងដ៏ទាក់ទាញនៃម៉ូឌែលពិសេសថ្មី MG 5 Scorpio បានប្រើប្រាស់ជាមួយពណ៌ “Passion Lemon” ព្រមទាំងជួយបន្ថែមអោយកាន់តែស្ព័រជាមួយប៉ាណាមុខទំហំធំ ពណ៌ខ្មៅ អមដោយចង្កៀងមុខរាងជាអក្សY ប្រភេទ និងកាងមុខឌីស្សាញថ្មី។ ចំណែកផ្នែកជំហៀងនៃរថយន្តបានបំពាក់ជាមួយថាសកង់ប្រភេទ Alloy ចំនួន ៥ប្រឡោះ, ដុំហ្វ្រាំងពណ៌ក្រហម រួមជាមួយកាងខ្យល់ឌីស្សាញថ្មី និងស៊ីម៉ាំងភ្លោះ ២គូនៅនៅផ្នែកខាងក្រោយ។
ចំណែកផ្នែកខាងក្នុង រថយន្តនេះត្រូវបានឌីស្សាញឡើងខុសប្លែកពីម៉ូឌែល MG5 ធម្មតា ដោយផ្តោតសំខាន់ទៅលើប្រណិតភាព ជាមួយកៅអីស្ព័រ រំលេចជាមួយថ្នេរដេរពណ៌លឿង, អេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ និងដំបូលកញ្ចក់ Wide Sunroof។
បើនិយាយអំពីថាមពលម៉ាស៊ីននៃរថយន្ត MG 5 Scorpio ដំណើរការដោយម៉ាស៊ីនសាំង MEGA Tech ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គ Dual-clutch និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៦,៩វិនាទី។ សូមបញ្ជាក់ផងដែរថា ចំពោះតម្លៃនៃរថយន្តក្រុមហ៊ុនពុំទាន់ធ្វើការប្រកាសចេញនៅឡើយនោះទេ៕