ពន្ធផ្លូវសម្រាប់ EV ខ្ពស់បំផុតត្រឹម ៨០ម៉ឺនរៀល រថយន្តចំហេះក្នុងដល់ ២លានរៀល តែមាន​យានយន្ត៥ប្រភេទ មិនបាច់បង់ពន្ធទេ

ការបង់ពន្ធ​លើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះហើយ។ អ្នកដែលបានទើបទិញ​រថយន្តថ្មីខ្លាញ់គោ និងឬជជុះក្រដាសពន្ធ នៅក្នុងខែនេះ ក៏ត្រូវមានកាតព្វកិច្ចបង់ពន្ធនេះផងដែរ។

ចំនួននៃការបង់ពន្ធផ្លូវ គឺខុសៗគ្នាទៅតាមប្រភេទរថយន្ត (សម្រាប់រថយន្តទេសចរណ៍) ដែលរួមមានទាំងអគ្គិសនីសុទ្ធ និងចំហេះក្នុង (សាំង និងម៉ាស៊ូត) ក្នុងនោះរថយន្តអគ្គិសនី គិតពីកម្លាំងសេះ (HP) របស់ម៉ូទ័រអគ្គិសនី ឯ​រថយន្តចំហេះក្នុងគិតតាមទំហំស៊ីឡាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនី ត្រូវបានសម្រួលអត្រាពន្ធ ដើម្បីជំរុញការប្រើប្រាស់​ ពោលគឺ​មានអត្រាពន្ធទាបបំផុតចាប់ពី៦ម៉ឺនរៀល រហូតដល់ខ្ពស់បំផុតត្រឹម ៨០ម៉ឺនរៀលប៉ុណ្ណោះ ដែលពីមុនខ្ពស់បំផុតដល់ ១លាន ៦០ម៉ឹនរៀល។ ចំណែករថយន្តចំហេះក្នុងវិញ នៅរក្សាដដែល ជាមួយអត្រាពន្ធទាបបំផុតចាប់ពី ៨ម៉ឺនរៀល ដល់ខ្ពស់បំផុត ២លានរៀល។

យ៉ាងណាមិញ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបានលើកលែងចំពោះប្រភេទយានយន្តដូចខាងក្រោម៖

១. រថយន្តគិលានសង្គ្រោះ និង​រថយន្តពន្លត់អគ្គីភ័យ​ជាកម្មសិទ្ធិរបស់រដ្ឋ។

២. យានយន្ត​ដែល​ជាកម្មសិទ្ធិរបស់​អង្គភាព​កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារ​សម្រាប់គោលដៅការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។

៣. យានយន្ត​ដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេសរបស់​រដ្ឋាភិបាលនានា។

៤. ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្ត​គ្រប់ប្រភេទ​ដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។

៥. រថយន្ត​ដែលបំប្លែងមកពីគោយន្ត និងរថយន្ត​កែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម