ការកក់រថយន្តនៅឯព្រឹត្តិការណ៍ Bangkok International Motor Show លើកទី ៤៣ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ បានកើនឡើង ១៣,៦% សរុប ៣៣ ៩៣៦ គ្រឿង ហើយក្នុងនោះរថយន្តអគ្គិសនីបានទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាច្រើន តាមរយៈកញ្ចប់លើកទឹកចិត្តលើរថយន្តអគ្គិសនីរបស់រដ្ឋាភិបាលថៃ។
លោក Jaturont Komolmis អនុប្រធានផ្នែកតាំងបង្ហាញម៉ូតូ និងជានាយកប្រតិបត្តិនៃ Grand Prix International Plc ដែលរៀបចំកម្មវិធី ១២ ថ្ងៃនោះ បាននិយាយថា កំណើននៃការលក់ នៅចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នេះ គឺដោយសារតែយុទ្ធនាការទីផ្សារ និងការផ្សព្វផ្សាយរថយន្តអគ្គិសនីដែលគាំទ្រដោយរដ្ឋ។
លោកបានបន្តថា៖ «រថយន្តដែលប្រើម៉ាស៊ីនប្រើប្រេង នៅតែគ្របដណ្ដប់លើការកក់ ដែលមានចំនួន ៣១ ៨៩៦ គ្រឿងនៃការកក់សរុប ពោលគឺមានការកើនឡើង ១៤,៤ ភាគរយ»។
ក្នុងនោះដែរ Toyota ជាប់ចំណាត់ថ្នាក់លេខ១ ដោយមានការបញ្ជាទិញរថយន្តចំនួន ៥ ១២៨ គ្រឿង បន្ទាប់មកគឺ Honda ៣ ០១៩គ្រឿង, Mazda ២ ៩០៦គ្រឿង, Isuzu ២ ៥៩៤គ្រឿង និង Mitsubishi ២ ៥៥៣គ្រឿង។
ដោយឡែកចំពោះការកក់រថយន្តអគ្គិសនីក៏បានកើនឡើង ១០% ដល់ ២ ០៤០ គ្រឿងផងដែរ ដោយក្រុមហ៊ុន SAIC Motor-CP និង MG Sales (Thailand) ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្ត MG ទទួលបានការបញ្ជាទិញខ្ពស់បំផុត បន្ទាប់មកគឺក្រុមហ៊ុនផលិតរថយន្តរបស់ចិន Great Wall Motor (GWM)៕