[ទីផ្សារបរទេស] ផ្អែកតាមទិន្នន័យរបស់ស្ថាប័ន JATO Dynamics បានបង្ហាញថារថយន្តប្រភេទ SUV និងភីកអាប់ បានកាន់កាប់ចំណែកយ៉ាងធំធេងក្នុងចំណោមរថយន្តដែលបានលក់ចេញលើទីផ្សារសហរដ្ឋអាមេរិកសម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ដោយរថយន្តនេះកាន់កាប់ចំណែករហូតដល់ ៧២,៩។
ក្នុងនោះដែរ រថយន្ត SUV មានចំណែក ៥៣,៥% ខណៈដែលរថយន្តភីកអាប់មានចំណែក ១៩,៤% ក្នុងចំណោមរថយន្តសរុប ៤,៥៦លានគ្រឿង ដែលបានលក់ចេញលើទីផ្សារអាមេរិក។ រំលឹកថាកាលពីឆ្នាំ២០១៩ គិតចាប់ពីខែមករា ដល់ខែមេសាដូចគ្នា រថយន្តភីកអាប់ និង SUV កាន់កាប់ចំណែកទីផ្សារ ៦៣% ហើយដល់ឆ្នាំ២០២០ វាបានកើនឡើងដល់ ៦៧,៩% និងនៅឆ្នាំ២០២១ វាបានកើនដល់ ៧០,៥%។
ដោយឡែក រថយន្ត Sedan ឯណោះវិញ ថយចុះចំណែកទីផ្សារជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០១៩ មានចំណែក ២៣,៤% និងនភឆ្នាំ២០២២ បានធ្លាក់ចុះមកនៅត្រឹម ១៦,៣%។ គិតជាតួលេខ នៅឆ្នាំ២០១៩ រថយន្ត Sedan លក់ចេញបានប្រមាណ ១,២៥លានគ្រឿង និងនៅឆ្នាំ២០២២ លក់ចេញបានត្រឹម ៧៤២ ០០០គ្រឿង។
គួរដឹងដែរថា Toyota អាចលក់រថយន្តបានច្រើនជាងគេក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ក៏ដោយសារមានរថយន្ត RAV4 ដែលបានក្លាយជារថយន្ត SUV លក់ដាច់ជាងគេក្នុងឆ្នាំ២០២១ ហើយវាបន្តឈរតំណែងលេខមួយបន្តទៀតនៅរយៈពេល៤ខែកន្លងមកនេះ។ រថយន្ត SUV ពេញនិយមផ្សេងទៀតរបស់ Toyota មានដូចជា Highlander និង Toyota 4Runner ផងដែរ៕