កាលពីថ្មីៗនេះក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Montreal Motor Show នៅប្រទេសកាណាដា ក្រុមហ៊ុន Lexus បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Concept ប្រភេទ Off-Road ដែលផលិតលើរថយន្តម៉ូដែល GX។
រថយន្តឈ្មោះ GX Overland Concept គឺមានបំពាក់នូវកង់ Off-Road ដ៏ប្លែក និងមានសម្បកកង់ Toyo Open Country រួមទាំងមានបូមដែលកែច្នៃជាពិសេស។ ជាមួយនឹងចំណុចទាំងនេះ វាជួយឲ្យរថយន្តបើកបរបានកាន់តែប្រសើរសម្រាប់គ្រប់ស្ថានភាពផ្លូវ និងផ្លូវដែលពិបាកៗ។
រថយន្ត Concept នេះក៏មានបំពាក់មកជាមួយតង់មួយឈុតនៅលើដំបូង ដែលអាចបើក និងបត់ទុកបានយ៉ាងងាយស្រួល។ ផ្នែកខាងក្នុងវិញគឺមានប្រណីតភាពខ្ពស់ ដោយមានបំពាក់កៅអីស្បែកពណ៌ក្រហម មានប្រព័ន្ធកម្សាន្តផ្នែកខាងក្រោយ មានប្រព័ន្ធសំឡេង Mark&Levinson ដែលមានឧបករណ៍បំពងសំឡេងចំនួន ១៧។
ចំពោះម៉ាស៊ីនវិញ GX Overland គឺមានបំពាក់ម៉ាស៊ីន ៤,៦ លីត្រ ៨ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣០១ សេះ ដោយមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងអស់ ជាមួយនឹង Active Traction Control។
ក៏មានដែរនូវបច្ចេកវិទ្យាទំនើបជំនួយដល់ការបើកបរផ្លូវពិបាកដូចជា Kinetic Flexible Suspension, Panoramic View Screen ជាមួយកាមេរ៉ាអាចមើលបានគ្រប់ជ្រុង និងប្រព័ន្ធបើកបរដូចជា 5-Stage Crawl Control។
Lexus Canada មិនបានបង្ហាញដំណឹងថាផលិតរថយន្តនេះលក់លើទីផ្សារឬយ៉ាងណានោះទេ៕