
ក្រុមហ៊ុន XPeng ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះនៅក្នុងឧស្សាហកម្មរថយន្តចិន បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងដោយបានប្រកាសថា ពួកគេនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់បង្ហាញលើកញ្ចក់ (Head-Up Display) ដែលផលិតដោយក្រុមហ៊ុន Huawei សម្រាប់រថយន្តសេរ៊ីថ្មីរបស់ពួកគេដែលនឹងត្រៀមប្រកាសចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ។
បើយោងទៅតាមការបង្ហោះព័ត៌មានលើបណ្តាញសង្គម Weibo បានឲដឹងថា បច្ចេកវិទ្យាអេក្រង់បង្ហាញលើកញ្ចក់ (Head-Up Display) ដែលផលិតដោយក្រុមហ៊ុន Huawei នេះ គឺអាចបង្ហាញចេញនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជា ល្បឿន GPS និងស្ថានភាពរថយន្តនៅលើកញ្ចក់ផ្ទាល់តែម្តង ដើម្បីជួយឲ្យការបើកបរកាន់តែមានភាពងាយស្រួលជាងមុន ពោលគឺមិនចាំបាច់ត្រូវមើលនៅក្នុងអេក្រង់ឌីជីថល ឬចុចចូលទៅមើលនៅក្នុងអេក្រង់ផ្សេងៗទៀតដូចមុននោះឡើយ។
គួរបញ្ជាក់ថា ការសហការនេះ បានធ្វើឲមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះកាលពីពេលអតីតកាលនៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនទាំងពីរនេះធ្លាប់ជាគូប្រកួតប្រជែងនឹងគ្នាដោយសារតែសកម្មភាពប្រតិកម្មមួយចំនួនរវាងប្រធានក្រុមហ៊ុនទាំងពីរ៕