[ទីផ្សារបរទេស] នៅពេញមួយឆ្នាំ២០២១កន្លងទៅនេះ នៅទីផ្សារសហរដ្ឋអាមេរិក មានរថយន្តមួយទឹក ៤០,៩លានគ្រឿង បានលក់ចេញទៅលើទីផ្សារដែលតួលេខនេះមានកំណើនប្រមាណ ១០% ធៀបនឹងឆ្នាំ២០២០។
ដោយឡែកនៅឆ្នាំនេះ ក្រុមហ៊ុនស្រាវជ្រាវ Cox Automotive បានព្យាករណ៍ថានឹងមានរថយន្តមួយទឹក ៣៩,៣លានគ្រឿងលក់ចេញលើទីផ្សារ ហើយរថយន្តថ្មីនឹងមានសរុប ១៦លានគ្រឿង។ ក្នុងនោះដែរផងដែរ រថយន្តមួយទឹក ២២,១លានគ្រឿង រំពឹងថាមានប្រភពចេញពីក្រុមហ៊ុនលក់ និងហាងលក់រាយដទៃទៀត។
ត្បិតថាតួលេខព្យាករណ៍សម្រាប់ឆ្នាំ២០២២មានទាបជាងតួលេខឆ្នាំ២០២១ ប៉ុន្តែវានៅខ្ពស់ជាងតួលេខឆ្នាំ២០២០ ដែលពេលនោះរថយន្តមួយទឹកលក់ចេញបានសរុប ៣៧,៣លានគ្រឿង។
សម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀតនេះ គេរំពឹងថារថយន្តមួយទឹកនឹងមានចំនួនលក់ថយចុះ ដោយសារតែរថយន្តផលិតថ្មីនៅក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវបានកាត់បន្ថយ ហើយធ្វើឲ្យរថយន្តមួយទឹកនឹងត្រូវថយចុះតាមនោះ៕