ពេលសាកបើកមែនទែន ឃើញឡានអគ្គិសនី Mercedes EQS អាចជិះបានរហូតដល់ ៦៧៩គ.ម

តួលេខចេញពីស្ថាប័ន EPA បានបង្ហាញថារថយន្ត Mercedes-Benz EQS 450+ អាចបើកបរបានរយៈចម្ងាយ ៥៦៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញមួយលើក។ យ៉ាងណាក្ដីបើតាមការធ្វើតេស្តរបស់ក្រុមការងារ Edmunds បានបង្ហាញថារថយន្តអគ្គិសនីគឺអាចជិះបានឆ្ងាយជាងការប៉ាន់ស្មាន។

ក្រុមការងាររបស់សារព័ត៌មាន Edmunds បានសាកល្បងបើករថយន្តអគ្គិសនីនេះក្នុងទីក្រុង Los Angeles ដែលជាប្រភេទ EQS 450+ ហើយក្នុងរយៈពេល១២ម៉ោង គេអាចបើកបររថយន្តនេះបានចម្ងាយដល់ ៦៧៩គីឡូម៉ែត្រ លើសតួលេខរបស់ស្ថាប័ន EPA ចំនួន ១១៥គីឡូម៉ែត្រឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសាកល្បងនេះបានធ្វើឲ្យ EQS 450+ ក្លាយជារថយន្តអគ្គិសនីដែលជិះបានឆ្ងាយជាងគេបំផុតក្នុងចំណោមរថយន្តដែល Edmunds បានធ្វើតេស្ត ដោយ​បាននាំមុខរថយន្ត Tesla Model 3 Long Range ដែលមានរយៈចម្ងាយ ៥៥៥គីឡូម៉ែត្រ។

Edmunds បានធ្វើការបញ្ជាក់ថាតួលេខសាកល្បងរបស់ខ្លួនគឺត្រូវជាងតួលេខរបស់ស្ថាប័ន EPA ដោយសារការធ្វើតេស្តរបស់ស្ថាប័ន EPA គឺធ្វើឡើងលើឧបករណ៍បង្វិលមួយ​ដែលយកលំនាំតាមការបើកបរលើ​ផ្លូវក្នុងក្រុង និងផ្លូវហាយវេ ខណៈដែលការធ្វើតេស្តរបស់ Edmunds គឺធ្វើតេស្តស្ដែងៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម