BMW M8 Competition គឺជារថយន្តស្ព័រទ្វារពីរ ដែលមានសមត្ថភាពខ្លាំងក្លាមួយរបស់ BMW នាពេលបច្ចុប្បន្ន។ ម៉ាស៊ីន ៤,៤លីត្រ ៨ស៊ីឡាំង ប្រភេទ Twin-Turbocharged របស់វាអាចផលិតកម្លាំងបាន ៦១៧សេះ ដែលអាចឲ្យរថយន្តទម្ងន់ជាង ២តោននេះ អាចស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ៣វិនាទី។
រថយន្តនេះត្រូវបានគេយកសាកល្បងបើកបរនៅទីលាន Nurburgring ដើម្បីវាស់ពីសមត្ថភាពថាខ្លាំងកម្រិតណា។ ជាលទ្ធផល M8 Competition អាចបញ្ចប់ជុំលើទីលានដោយប្រើពេល ៧នាទី ៣២,៧៩ វិនាទី។
ការដែលអាចបញ្ចប់ជុំក្នុងពេលជាង ៧នាទីនេះ អាចបញ្ជាក់ថារថយន្ត M8 Competition គឺជារថយន្តដ៏ស្ទុះបំផុតមួយរបស់ BMW គឺលឿនជាងរថយន្ត BMW M5 នាពេលបច្ចុប្បន្ន។ ប៉ុន្តែវានៅចាញ់ BMW M4 GTS ដែលមានទម្ងន់ស្រាលជាង ដែលវាចំណាយពេល ៧នាទី និង ២៧,៨៨វិនាទី ដើម្បីបញ្ចប់ជុំ៕