[បរទេស] បើយើងនិយាយដល់ឈ្មោះក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ប្រណិតរបស់ប្រទេសអ៊ីតាលីទាំង ២ នេះ Lamborghini ហើយនឹង Ferrari ប្រាកដណាស់បងប្អូននឹងនឹកឃើញទៅដល់រថយន្តស្ព័រទំនើបៗដែលមានតម្លៃថ្លៃៗ ។ ក្នុងនោះ ក្រុមហ៊ុន Ferrari ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៩ ដោយលោក Enzo Ferrari ដោយចាប់ផ្តើមដំបូងដោយផលិតរថយន្តប្រណាំងលំដាប់ខ្ពស់ ខណៈ Lamborghini បង្កើតនៅឆ្នាំ ១៩៦៣ ដោយលោក Ferruccio Lamborghini ដោយដំបូងឡើយជាក្រុមហ៊ុនផលិតត្រាក់ទ័រប៉ុណ្ណោះ ដោយក្រុមហ៊ុនទាំងពីរនេះបានវិវត្តន៍ទៅជាម៉ាករថយន្តប្រណិតល្បីៗលំដាប់ពិភពលោកមកទល់បច្ចុប្បន្ន ។
សម្រាប់លោក Ferruccio Lamborghini កើតក្នុងគ្រួសារកសិករ ប៉ុន្តែគាត់ចាប់អារម្មណ៍លើខាងមេកានិចច្រើនជាង ហើយបានបម្រើការនៅក្នុងកងទ័ពអាកាសកំឡុងសង្គ្រាមលោកលើកទី ២ បន្ទាប់ពីនោះ លោកបានបើកអាជីវកម្មលក់ត្រាក់ទ័រ ដែលអាជីវកម្មនេះទទួលបានជោគជ័យយ៉ាងខ្លាំង ។ ភាពជោគជ័យនេះ ធ្វើឲ្យបានទិញរថយន្តប្រណិតៗជាច្រើន ខណៈរថយន្តដែលគាត់ពេញចិត្តជាងគេគឺរថយន្តរបស់ក្រុមហ៊ុន Ferrari ។
រីឯលោក Enzo Ferrari កើតនៅក្នុងគ្រួសារមួយដែលប្រកបអាជីវកម្មជាជាងឈើ បន្ទាប់ពីអាជីវកម្មរបស់គ្រួសារលោកក្ស័យធន Enzo Ferrari បានដឹងថាគាត់ចង់ក្លាយជាអ្នកបើករថយន្តប្រណាំងតាំងពីក្មេង។ គាត់បានចាប់ផ្តើមការប្រណាំងជាមួយក្រុម Alfa Romeos ហើយបន្ទាប់មកបានសម្រេចចិត្តបង្កើតក្រុមប្រណាំងផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា Scuderia Ferrari ដោយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការប្រណាំង ដែលធ្វើឲ្យក្រុមហ៊ុន Ferrari ទទួលបានភាពពេញនិយមខ្លាំង ។
លោក Ferruccio Lamborghini ពិតជាចូលចិត្តរថយន្តរបស់ក្រុមហ៊ុន Ferrari គឺរថយន្ត Ferrari 250 GT ប៉ុន្តែរថយន្តដែលគាត់ប្រើប្រាស់វាមានសំឡេងរំខាន និងនៅពេលបើកបរនៅលើផ្លូវមិនមានភាពរលូត រហូតដល់លោករកឃើញបញ្ហានេះគឺដោយសារបញ្ហាប្រអប់លេខ ដែលធ្វើលោកបានសម្តែងការមិនពេញចិត្តចំពោះបញ្ហានេះ គាត់បានសម្រេចចិត្តបានទៅជួបលោក Enzo Ferrari ដើម្បីពីភាក្សាអំពីបញ្ហានេះ ព្រមទាំងចង់ចាប់ដៃគូរសហការគ្នា ប៉ុន្តែលោកត្រូវបានលោក Enzo បដិសេធ ហើយបាននិយាយថា ប្រអប់លេខមិនមែនជាបញ្ហាទេ បញ្ហាពិតនោះគឺលោកមិនចេះរបៀបប្រើប្រាស់ឡាន Ferrari (ត្រលប់ទៅលក់ត្រាក់ទ័រវិញទៅ) ធ្វើឲ្យលោកខឹងនឹងដោយសារអាកប្បកិរិយាក្រអឺតក្រទមរបស់ Enzo Ferrari ហើយសម្រេចចិត្តផលិតរថយន្តផ្ទាល់ខ្លួនគោលបំណងគឺដើម្បីទៅប្រគួតប្រជែងជាមួយ Ferrari តែម្តង ដែលជាហេតុផលក្រុមហ៊ុន Lamborghini ត្រូវបានបង្កើតឡើងមក ហើយការប្រកួតប្រជែងបានបន្តរហូតមកដល់សព្វថ្ងៃនេះ ៕