រថយន្ត Ford Maverick ទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនខ្លាំងមិនចាញ់រថយន្ត F-150 Lightning ប៉ុន្មានឡើយ ដោយមកទល់ពេលនេះមានអ្នកកក់រថយន្តភីកអាប់ខ្នាតតូចនេះរហូតដល់ ៨ម៉ឺនគ្រឿងរួចស្រេចទៅហើយ។
រថយន្តភីកអាប់នេះមានតម្លៃទាក់ទាញបំផុតគឺចាប់ពី ១៩ ៩៩៥ដុល្លារប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក ដោយ Ford បានសន្យាថារថយន្តនេះមានកម្រិតស៊ីប្រេងត្រឹម ៥,៩លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ដែលជាកម្រិតសំចៃដ៏អស្ចារ្យមួយសម្រាប់រថយន្តភីកអាប់។
រថយន្តនេះមានប្រភេទស្តង់ដារដែលប្រើប្រាស់នូវម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩១សេះ និងមានប្រព័ន្ធបើកបរវិលកង់មុខ។ វាក៏មានជម្រើសម៉ាស៊ីន EcoBoost ចំណុះ២,០លីត្រ ដែលមានកម្លាំង ២៥០សេះផងដែរ។
រថយន្ត Maverick នេះនឹងចូលរោងចក្រផលិតនៅអំឡុងចុងខែសីហាខាងមុខ ដែលរោងចក្រផលិតគឺស្ថិតនៅទីតាំងតែមួយជាមួយនឹងរថយន្ត Bronco Sport៕