[ក្នុងស្រុក] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកម្ពុជា GTV Motor Cambodia បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ GTV Kouprey (គោព្រៃ) ខ្នាតធំ ប្រភេទកូនកាត់ Hybrid ផ្តល់នៅជម្រើស ២ម៉ូដែលរួមមាន Kouprey និង Kouprey Pro មានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារឡើងទៅគ្រោងនឹងចេញលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ។
ភីកអាប់នេះ បំពាក់ប្រព័ន្ធកូនកាត់ Bosch Hybrid 48volt របស់ប្រទេសអាល្លឺម៉ង់ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្ររបស់សហរដ្ឋអាមេរិក ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតិច ១០វិនាទី ។ លើសពីនេះ ក៏បានប្រើប្រាស់ប្រពន្ធជើងក្រោមប្រភេទស្លាបប្រចៀវភ្លោះ ក៏ដូចជាប៉ូមទប់លំនឹងចម្រុះជាច្រើន រួមទាំងមានជម្រើសបន្ថែមបូមខ្យល់មកជាមួយដែលធ្វើឲ្យការបើកបរកាន់តែមានស្ថេរភាព ។
GTV Kouprey មានប្រវែងតួខ្លួនសរុប ៥ ៦១៧ ម.ម ទទឹង ២ ០៩០ មម កំពស់ ១ ៩១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៥០៥ ម.ម ត្រូវបានឌីស្សាញឡើងជាមួយតួខ្លួនហាប់ណែន និងអំណាច ដោយមានប៉ាណាមុខទំហំធំរចនាផ្សេងគ្នាទៅតាមម៉ូដែល ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំធំប្រភេទ Off-Road ជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដៃចង្កូតអេឡិចត្រូនិចស្រោបដោយស្បែកប្រភេទ Nappa leather អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អាចប្រើប្រាស់ប្រព័ន្ធបញ្ជាដោយសំឡេង ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic ផងដែរ ៕