ភីកអាប់ដើរដោយថាមពលចំហាយទឹក FCEV របស់ Toyota ផលិតក្នុងចំនួនមានកំណត់ត្រឹមតែ….

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការផលិតរថយន្តភីកអាប់ Toyota Hilux ដើរដោយថាមពលចំហាយទឹក Hydrogen ឬហៅថា FCEV ក្នុងរោងចក្ររបស់ខ្លួននៅឯចក្រភពអង់គ្លេស ជាមួយចំនួននៃការផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ ។

សម្រាប់ចំនួន ១០គ្រឿងនេះ ត្រូវបានចែកចេញជា ២ផ្នែក ដោយចំនួន ៥គ្រឿងត្រូវបានប្រើសម្រាប់ធ្វើការបើកបរធ្វើតេស្តសុវត្ថិភាព មុខងារ និងភាពធន់ក្នុងការប្រើប្រាស់ជាក់ស្តែង ចំណែក​ ​៥​គ្រឿង​ទៀត​នឹង​ត្រូវ​ប្រើ​ដើម្បី​បង្ហាញ​ដល់​អតិថិជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux FCEV ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​នៃ QDR គុណភាព, ធន់ និង​អាច​ទុក​ចិត្ត​បាន ដើម្បី​គាំទ្រ​ការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ។ នេះគឺជាគំនិតមួយនៅក្នុងការអភិវឌ្ឍន៍ Hilux តាំងពីឆ្នាំ ១៩៦៨ ។

ទាក់ទងទៅនឹងផ្នែថាមពលវិញ  Toyota Hilux FCEV ទាំង ១០គ្រឿងនេះ គឺយកចេញពីរថយន្ត Toyota Mirai FCEV ហើយភ្ជាប់មកជាមួយធុងផ្ទុកអ៉ីដ្រូសែនចំនួន ៣ ដែលមានសមត្ថភាពផ្ទុក ២,៦ គីឡូក្រាម សម្រាប់ចំណុះសរុប ៧,៨ គីឡូក្រាម ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៨២ សេះ និងកម្លាំងរម៉ួល ៣០០ ញូតុនម៉ែត្រ នឹងមិនមានការបញ្ចេញផ្សែងបំពុលនោះទេ គឺមានតែទឹកស្អាតប៉ុណ្ណោះដែលត្រូវបានបញ្ចេញ។

លើសពីនេះ Toyota Hilux FCEV ក៏ត្រូវបានបំពាក់ដោយអាគុយប្រភេទ lithium-ion 4 Ah ដើម្បីរក្សាទុកថាមពលអគ្គិសនីពីកោសិកាឥន្ធនៈ ដែល Toyota បញ្ជាក់ថា ប្រព័ន្ធបើកបរទាំងមូលនេះនឹងអនុញ្ញាតឲ្យរថយន្តធ្វើដំណើរបានចម្ងាយឆ្ងាយ រហូតដល់ ៦០០ គីឡូម៉ែត្រនៅពេលចាក់អ៉ីដ្រូសែនពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម