ភីកអាប់ដំបូងគេរបស់ក្រុមហ៊ុន BYD បង្ហាញខ្លួនជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការភីកអាប់ដំបូងគេរបស់ក្រុមហ៊ុន BYD Shark ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅលើទីផ្សារសកលឆាប់ៗនេះ ឯតម្លៃនៅមិនទាន់ប្រកាសនៅឡើយទេ ។

ភីកអាប់នេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដែលមានឈ្មោះពេញថា Dual Mode Off-Road ជាតួគ្រោងអភិវឌ្ឍឡើងសម្រាប់រថយន្តប្រភេទ Plug-in hybrid ផ្តោតលើការបើកបរបែប Off-Road ដោយទទួលបានជម្រើសម៉ាស៊ីនកូនកាត់ចំនួន ២ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងចំណុះ ២,០ លីត្រ Turbocharged ព្រមទាំងអាចបើកបរបានចម្ងាយ ៨៤០ គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញ ។ លើសពីនេះ មានសមត្ថិភាពអូសសណ្តោងបានដល់ ៨៣៥ គីឡូក្រាម និងអាចផ្ទុកបាន ១៤៥០ លីត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Shark មានប្រវែងតួខ្លួនសរុប ៥ ៤៥៧ ម.ម ទទឹង ១ ៩៧១ ម.ម កំពស់ ១ ៩២៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២៦០ ម.ម ដែលបានភ្ជាបមកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងមុខមានបាណាជាមួយអក្សរ BYD នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៉ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ ដឹក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម