[បរទេស] ក្រុមហ៊ុនផលិតរថយន្ត VinFast បានធ្វើការដាក់បង្ហាញជាផ្លូវការនៅគំរូរថយន្តភីកអាប់អគ្គិសនីសុទ្ធដែលមានឈ្មោះថា VinFast Wild នៅក្នុងពិព័រណ៌រថយន្ត CES 2024 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។
សម្រាប់គំរូភីកអាប់នេះ មានរូបរាងនបែបជ្រុងៗ និងទំនើបដែលមើលទៅមានភាពហាប់ណែន ដោយនៅផ្នែកខាងមុខមានប៉ាណាបិទជិត សណុំចង្កៀង LED អូសកាត់វែងជាមួយឡូហ្គោ VinFast នៅចំកណ្តាលដែលជាអត្តសញ្ញាណរបស់ខ្លួន ក៏ដូចជាកាងការពារ ថាសកង់ទំហំធំ ព្រមទាំងប្រើប្រាស់ទ្វារបើក-បិទដូចទៅនឹងរថយន្ត Rolls-Royce និងកញ្ចក់ចំហៀងបែបឌីជីថល ។
ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ រួមទាំងអេក្រង់កំសាន្តចំនួន ២ សម្រាប់អ្នកដំណើរខាងក្រោយ ក៏ដូចជាកៅអីខាងក្រោយដែលអាចបត់ចុះក្រោមដើម្បីដាក់របស់ដែលមានប្រវែងវែងបានផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានទាក់ទងទៅនឹងផ្នែកថាមពល និងតម្លៃ ក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ៕