[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់អគ្គិសនីសុទ្ធ Geely Radar RD6 Horizon ឆ្នាំ ២០២៤ ដែលជាភីកអាប់មានល្បឿនលឿនជាងគេក្នុងចំណោមភីកអាប់ដ៏ទៃនៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២០ ១៥០ ដុល្លារ ដល់ ៣៧ ២០០ ដុល្លារនៅប្រទេសចិន ។
ភីកអាប់អគ្គិសនីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចផលិតកម្លាំងបានសរុប ៤២២ សេះ និងកម្លាំងរមួល ៥៩៤ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ៤,៥ វិនាទី និងផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៦៣២ គីឡូម៉ែត្រពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង២ ។
Geely Radar RD6 Horizon មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៨៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដោយមានប៉ាណាមុខបិទជិងអបជាមួយអក្សរ RADAR ចង្កៀងមុខ-ក្រោយ LED ខណៈផ្នែកខាងក្នុងអាចផ្ទុកបានដល់ ១២០០ លីត្រឯណ្ណោះ ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃកម្រិតទី ២ ទៀតផង ។