[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely សហការជាមួយក្រុមហ៊ុន Radar Auto បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Geely Radar RD6 ខណៈដែរ តម្លៃលក់គ្រោងនឹងប្រកាសចេញនៅត្រីមាសទី ៤ ឆ្នាំ ២០២២ សម្រាប់ទីផ្សារប្រទេសចិន។
រថយន្តភីកអាប់ Rada RD6 ថ្មីដែលត្រូវបានបង្កើតឡើងនៅលើស្ថាបត្យកម្ម Geely SEA architecture មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៨៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ។ ដែលមានការរចនាជាមួយនឹងរូបរាងដ៏ស្វាហាប់ ប៉ាណាមុខបិទជិត អបដោយចង្កៀងមុខប្រភេទ LED ថ្មី, ដំបូលពីរពណ៌ ចង្កៀងក្រោយរាងជាអក្សរ X អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ លើសពី ឃ្លុបក្រោយភ្ជាប់មកជាមួយបន្ទះផ្គត់ផ្គង់ថាមពលទំហំ ៦ គីឡូវ៉ាត់ អាចផ្គត់ផ្គង់ថាមពលខាងក្រៅបានយ៉ាងល្អប្រសើរ។
ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ រថយន្តភីកអាប់ Radar RD6 បង្ហាញពីការរចនាជាមួយប្រណិតភាព និងផាសុកភាព ដោយបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រចនាបែបបញ្ឈរ, ដៃចង្កូតប្រភេទ 3-spoke ថ្មី, ប្រអប់លេខអេឡិចត្រូនិច, កៅអីស្បែក Premium និងកន្លែងដាក់ឥវ៉ាន់សរុបលើសពី ១ ២០០ លីត្រផងដែរ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៧២ សេះ អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦ វិនាទី ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕