[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃរបស់ភីកអាប់ BYD Shark ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃ ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៥៣ ៤២០ ដុល្លារ ដល់ ៥៧ ៤៦៤ ដុល្លារនៅទីផ្សារប្រទេសម៉ិកស៊ីក ។
ភីកអាប់នេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៣០ សេះ បំពាក់អាគុយប្រភេទ Blade Battery ទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ជាមួយកម្រិតស៊ីប្រេង ៧,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
BYD Shark បានភ្ជាបមកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងមុខមានបាណាជាមួយអក្សរ BYD នៅចំកណ្តាល ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៉ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ ដឹក្រេផងដែរ ៕