[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសវៀតណាម បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Mitsubishi Triton ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ២៦ ៦៨៥ ដុល្លារ ដល់ ៣៧ ៦៤៥ ដុល្លារ ។
ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ប្រភេទ MIVEC ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ និងមានរបៀបបើកបរចំនួន ៧របៀប ។
Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ នេះស្ថិតនៅក្នុងជំនាន់ទី ៦ មានប្រវែងតួខ្លួនសរុប ៥ ៣២០ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៧៩៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៣០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២២ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ប៉ាណារាងជាសំណាញ់ ជាប់សងខាងដោយសំណុំចង្កៀងប្រភេទ LED ប្រើប្រាស់នៅថាសកង់ទំហំចាប់ពី ១៦-១៨ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀង LED រាងជាអក្សរ T និងឃ្លុបក្រោយមានប្រវែង ៨២០ ម.ម ។
ចំពោះនៅផ្នែកខាងក្នុងនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណ:ពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរ កៅអីស្រោបដោយស្បែក អាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ, ឧបករណ៍បំពងសំឡេង ៦ ចំនុច និងជាពិសេសទទួលបាននូវប្រព័ន្ធ Active Stability & Traction Control ដែលជួយដល់ការរក្សាលំនឹងនៅផ្លូវកោងផងដែរ ៕