មកដឹងចំណុចខ្លឹមៗ ជាហេតុផល ពីក្រោយភាពជោគជ័យម៉ាករថយន្តប្រណិតរបស់ជប៉ុន ឡិចស៊ឺស

ពេលគិតដល់ម៉ាករថយន្តប្រណិតដែលឈានមុខលើទីផ្សាររថយន្តពិភពលោកគេមិនអាចរំលងម៉ាក
រថយន្ដ Lexus បានឡើយ ក៏ព្រោះតែម៉ាករថយន្តនេះបានកសាងសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន។ តើ​មាន​អ្វី​ខ្លះ​ ជួយជ្រោមជ្រែងឲ្យ Lexus សម្រេចបានសមិទ្ធិផលធំៗ រហូត​អាច​សង់​​គ្រឹះ​ឈរ​ជើង​ជាប់​លើ​ទីផ្សារ​រថយន្តប្រណិតលំដាប់​ពិភព​លោក​នាពេលបច្ចុប្បន្ននេះ?

ដំណើរដើមទងនៃភាពជោគជ័យរបស់ Lexus បានចាប់ផ្ដើមជាមួយការប្រកាសចេញរថយន្ត Lexus ម៉ូដែល LS ដែល​ជា​រថយន្ត​ប្រណិត​ប្រភេទ​ Sedan ដំបូងរបស់ខ្លួន ហើយ​​បាននាំមក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​លើ​រថយន្តដទៃ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ខ្លាំងជាងគេ លើរថយន្ត Lexus LS ជំនាន់ដំបូង គឺបានបំពាក់នូវ​ប្រភេទចង្កូតដែលការបើកបរអាចកែសម្រួលទីតាំងបាន (ដើម្បី ឲ្យ វា ងាយ ស្រួល សម្រាប់ អ្នក ក្នុង ការ បើក បរ )ដែលភាសា បច្ចេកទេសហៅថា Tilt-and-telescopic Steering Wheel ហើយចង្កូត ប្រភេទនេះ មានប្រើប្រាស់ លើរថយន្តជាច្រើននាពេលបច្ចុប្បន្ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបើកទំព័រថ្មីមួយទៀតនៃប្រវត្តិសាស្ត្រដ៏ផូរផង់របស់ Lexus គឺការប្រកាសចេញរថយន្ត Lexus ម៉ូដែល RX ជា​រថយន្ត ប្រណិតប្រភេទ SUV និង ជាម៉ូដែល រថយន្តប្រណិតដំបូង ដែលប្រើប្រាស់ប្រាស់ ប្រព័ន្ធម៉ាស៊ីន Hybrid (HEV) ហើយបានក្លាយជាម៉ូដែលរថយន្តលក់ដាច់ជាងគេបំផុតរបស់ Lexus។ ការប្រកាស ចេញរថយន្ត ស្ព័រ Lexus LFA កាន់តែសបញ្ជាក់អំពីការប្ដេជ្ញារបស់ Lexus ពី​ការ​បង្កើត​ស្តង់ដារថ្មីលើការឌីហ្សាញ និងការអភិវឌ្ឍផងដែរ។

សមិទ្ធិផលដែលមិនអាចកាត់ថ្លៃបានទាំងនេះ បានកកើតចេញ ពីគុណតម្លៃស្នូលធំៗ របស់ Lexus ​ចំនួន​បួន​ដែល​ក្នុង​នោះ​រួមមាន ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត, ការគិតគូរលើតម្រូវការអតិថិជនជាចម្បង, ការ​កែ​លម្អ​ឥតឈប់ឈរនិងចុងក្រោយគឺការផ្ដល់ជូននូវបទពិសោធន៍ពិសេសប្លែកពីគេ។

ជាងនេះទៅទៀតម៉ាកសញ្ញា Lexus ក៏មានការប្ដេជ្ញាខ្ពស់ក្នុងការសាងឧត្តមភាព ដែលបាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ចំណុច​ជា​ច្រើន រាប់ចាប់តាំងពីអត្តសញ្ញាណនៃការឌីហ្សាញប្លែកពីគេ រហូត​ដល់​ការ​ផ្ដល់​សេវាកម្ម​ដែល​អនុវត្តន៍​ដោយ​ឈរ​លើ​ផ្នត់​គំនិត អូម៉ូតេណាស៊ី (Omotenashi) ដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។

ទស្សនវិស័យនៃការឌីហ្សាញរបស់ Lexus ដែលគេឲ្យឈ្មោះថា “L-finesse” ត្រូវបានបង្កើត និង​អនុវត្តន៍​​ដោយ​ក្រុម​អ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន។ ទស្សនវិស័យនេះ​បាន​ស្ដែង​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈរថយន្ត Lexus LS ជំនាន់ដំបូង អំពីការប្ដេជ្ញារបស់ Lexus ក្នុង​ការ​បង្កើត​រថយន្ត​ដែល​ប្រកប​ដោយ​ការ​ច្នៃប្រឌិត និងប្រកបដោយភាពប៉ិនប្រសប់ ហើយក៏បានឆ្លុះបញ្ចាំងអំពីការគិតគូរខ្ពស់របស់ Lexus លើ​ប្រណិត​ភាព គុណភាព និងតម្រូវការរបស់អតិថិជនផងដែរ។

ទន្ទឹមនឹងនោះ អូម៉ូតេណាស៊ី (Omotenashi) គឺជាផ្នត់គំនិតដ៏ល្បីមួយរបស់ប្រទេសជប៉ុន ដែលជាអ្វីដែល Lexus បាន​យក​មក​  អនុវត្តន៍នៅលើផ្នែកបម្រើសេវាកម្មអតិថិជនរបស់ខ្លួន។ អូម៉ូតេណាស៊ី (Omotenashi) គឺ​តំណាង​ឲ្យ​ប្រពៃណី​របស់​ជនជាតិ​ជប៉ុន​ក្នុង​ការផ្ដល់ជូននូវសេវាកម្មប្រកបភាពដោយបដិសណ្ឋារកិច្ចល្អឥតខ្ចោះ និងយកចិត្តទុកដាក់ខ្ពស់ ហើយ​ផ្ដល់​ជូន​ការ​ថែទាំ​ដែល​លើស​​ពី​ការ​រំពឹងទុក។ ភ័ស្តុតាងដែលបង្ហាញថា Lexus ពិតជាបានអនុវត្តផ្នត់គំនិតនេះ គឺ​បាន​លេច​ចេញ​កាល​ពី​ឆ្នាំ​១៩៩០ នៅពេលដែល Lexus បានហៅចូលមកវិញនូវរថយន្ត Lexus LS ជាលើកដំបូង និង​ការ​បណ្ដុះ​ផ្នត់​គំនិត​ឲ្យ​ចាត់ទុកអតិថិជនទាំងអស់ជាភ្ញៀវកិត្តិយសដូចៗគ្នា។

ការប្ដេជ្ញារបស់ Lexus គឺលើសពីឧត្តមភាពនៃរថយន្ត ដោយក្នុងនោះ​​មាន Intersect by Lexus ជា​ឧទាហរណ៍​ជាក់​ស្ដែង​។

Intersect by Lexus មិនមែនជាហាងចែកចាយ ឬហាងលក់នោះទេ ប៉ុន្តែ​ប្រៀប​បាន​ជា​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​ពិសេសមួយដែលមានតួនាទីបង្ហាញអំពីរបៀបរស់នៅ ការឌីហ្សាញ សិល្បៈ វប្បធម៌ ការតុបតែងខ្លួន និងសិល្បៈនៃម្ហូបអាហារនៅប្រទេសជប៉ុន។

សរុបមកវិញ ជោគជ័យនាពេលបច្ចុប្បន្នរបស់ម៉ាកសញ្ញា Lexus បានកកើតចេញពីកត្តាសំខាន់ៗជាច្រើន រួមផ្សំនឹងការផលិតរថយន្តប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងការប្ដេជ្ញាយ៉ាងមោះមុតលើប្រណិតភាព គុណភាព ដែលនាំមកនូវឧត្តមភាពយ៉ាងខ្ពង់ខ្ពស់ជូនអតិថិជនរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម