មកដឹងតម្លៃឡាន BMW 4-Series Convertible បើកដំបូលបាន ឆ្នាំ២០២១

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 4-Series Convertible បើកដំបូលបាន ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត BMW 4-Series Convertible ខុសពីស៊េរីមុនត្រង់ថា ស៊េរីឆ្នាំ២០២១នេះ មានដំបូលទន់ (soft-top) ខណៈស៊េរីមុនគឺមានដំបូលរឹង (hard-top)។ BMW អះអាងថា ដំបូលទន់អាចជួយកាត់បន្ថយទម្ងន់, ផ្តល់កន្លែងផ្ទុកអីវាន់ច្រើនជាងមុន និង ជួយឲ្យការបើកបរកាន់តែប្រសើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ដំបូលលើរថយន្ត 4-Series Convertible អាចបើក និងបិទក្នុងរយៈពេល ១៨វិនាទី ហើយក៏អាចបើកពេលរថយន្តកំពុងធ្វើដំណើរ ក្នុងល្បឿនរហូតដល់ ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ត 4-Series Convertible ផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា 430i (ប៉ុងមួយ) និង 430i xDrive (ប៉ុងពីរ) ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ព្រមទាំងម៉ូដែល M440i (ប៉ុងមួយ) និង M440i xDrive (ប៉ុងពីរ) ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ។ គ្រប់ម៉ូដែលទាំងអស់សុទ្ធតែប្រើប្រអប់លេខអូតូ ៨វគ្គ។

រថយន្ត BMW 4-Series Convertible ស៊េរីឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥៣ ១០០ដុល្លារ សម្រាប់ម៉ូដែល 430i, ៥៥ ១០០ដុល្លារ សម្រាប់ 430i xDrive, ៦៤ ០០០ដុល្លារ សម្រាប់ M440i និង ៦៦ ០០០ដុល្លារ សម្រាប់ M440i xDrive៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម