ការឈប់ ឬការចតរថយន្តមិនត្រឹមត្រូវរបស់អ្នកបើកបរមួយចំនួន បានបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ និងបង្កការរំខានដល់អ្នកដំណើរដទៃ ហើយមិនតែប៉ុណ្ណោះ អាចនឹងរកការផាកពិន័យ ឬស្ទូចដោយសមត្ថកិច្ចចរាចរណ៍ទៀតផង។
យោងតាមមាត្រា២៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិសោធនកម្ម មានខ្លឹមសារថា ការឈប់ និងការចតយានជំនិះនៅលើផ្លូវថ្នល់ ត្រូវអនុវត្តដូចខាងក្រោម៖

១. គ្រប់យានជំនិះដែលឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍។
២. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ឬចត នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោម៖
-ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវចតឬឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន។
-ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្តាំ ឬខាងឆ្វេងតាមទិសចរាចរណ៍។
៣. នៅក្រៅទីប្រជុំជន យានជំនិះឬសត្វពាហនៈត្រូវឈប់ឬចតនៅក្រៅទ្រូងផ្លូវ។ បើគ្មានទីណាផ្សេងទៀត ដែលយានជំនិះអាចចតបានក្រៅពីទ្រូងផ្លូវទេនោះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី១ខាងលើនេះ។
៤. នៅក្រៅទីប្រជុំជន គ្រប់យានជំនិះដែលខូចគាំង ឬត្រូវបង្ខំឲ្យឈប់ ឬចតនៅលើទ្រូងផ្លូវ ត្រូវប្រើភ្លើងសញ្ញាអាសន្ន ឬ/និងដាក់សញ្ញាត្រីកោណចម្ងាយយ៉ាងតិច ៣០ម៉ែត្រ ដែលអាចមើលឃើញយ៉ាងតិច ១០០ម៉ែត្រ។ ក្នុងករណីបញ្ហាខាងលើនេះ កើតឡើងនៅកន្លែងហាមឈប់ ឬចត ត្រូវជូនដំណឹងដល់សមត្ថកិច្ច ដែលនៅជិតដើម្បីមានវិធានការបន្ថែម។
៥. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ ឬចតដាក់ទំនិញ ឬមនុស្សឡើងចុះនៅចម្ងាយ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើសពី ២៥សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច ១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន យានទាំងអស់ត្រូវឈប់ ឬចតយ៉ាងតិចបំផុត ១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។
៦. ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្វ្រាំងដៃ ឬមានវិធានការផ្សេងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាន។ គួរបញ្ជាក់បន្ថែមថា ក្នុងមាត្រា៦៧ នៃច្បាប់ខាងលើដដែល មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឲ្យរំខាន ឬអាចនាំឲ្យមានគ្រោះថ្នាក់ដល់យានដទៃ យកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោកក្នុងករណីដែលម្ចាស់យានជំនិះមិនព្រមទទួលការពិន័យ ឬគ្មានវត្តមាន៕

















