
ក្នុងការប្តូរបណ្ណបើកបរយានយន្តគឺត្រូវធ្វើឡើងក្នុងករណីដូចជា អស់សុពលភាព ឬប្តូរប្រភេទបណ្ណ រលុបមើលមិនឃើញ ឬខូច ឬក្នុងរកណីបាត់បណ្ណបើកបរជាដើម។ ជាមួយគ្នានេះ នៅមានករណីមួយទៀត គឺការខុសទិន្នន័យគ្នារវាងបណ្ណបើកបរ និងអត្តសញ្ញាណបណ្ណ។ នេះបើយោងតាម ប្រកាសស្តីពី បែបបទ និងនីតិវិធីនៃការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ ចុះកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

ដូច្នេះ ប្រសិនបើអ្នកជួបប្រទះនឹងករណីណាមួយនោះ ត្រូវដាក់ពាក្យសុំប្តូរបណ្ណបើកបរ ដោយត្រូវភ្ជាប់សំណុំឯកសារដូចខាងក្រោម៖
១. ករណីអស់សុពលភាព ឬប្តូរប្រភេទបណ្ណបើកបរ ឬមានការរលុបមើលមិនឃើញ ឬខូច ត្រូវភ្ជាប់ឯកសារដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បណ្ណបើកបរដែលត្រូវប្តូរ លិខិតបញ្ជាក់កាយសម្បទា និងរូបថតទំហំ ៤x៦ ផ្ទៃពណ៌ស។
២. ករណីបាត់បណ្ណបើកបរ គឺត្រូវភ្ជាប់ឯកសារដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពាក្យបណ្តឹងមានបញ្ជាក់ពីនគរបាលប៉ុស្តិ៍រដ្ឋបាល លិខិតបញ្ជាក់កាយសម្បទា និងរូបថតទំហំ ៤x៦ ផ្ទៃពណ៌ស។
៣. ករណីទិន្នន័យក្នុងបណ្ណបើកបរ ខុសពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដូចជា នាម គោត្តនាម និងឆ្នាំកំណើត ត្រូវមានលិខិតបញ្ជាក់បន្ថែមពីមេឃុំ ឬចៅសង្កាត់ថា «ពិតជាមនុស្សតែម្នាក់»។ ជាមួយគ្នានេះដែរ បើករណីអាសយដ្ឋានបច្ចុប្បន្នក្នុងបណ្ណបើកបរ ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយសៀវភៅស្នាក់ ឬសៀវភៅគ្រួសារ៕




















