មកដឹងពីចំនួនលក់រថយន្តសរុបរបស់ចិនក្នុងឆ្នាំ២០២៥! ក្រុមហ៊ុនខ្លះលក់ដាច់ខ្លាំងហួសផែនការ ខណៈខ្លះទៀតសម្រេចបានមិនដល់ពាក់កណ្តាល

យោងតាមសារព័ត៌មាន Car News China ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនត្រូវបានបែងចែកជា២ ទាក់ទងនឹងសមត្ថភាពក្នុងការសម្រេចឱ្យបាននូវគោលដៅលក់ដែលបានកំណត់សម្រាប់ឆ្នាំ ២០២៥។ ដោយអ្នកឈ្នះ និងអ្នកចាញ់ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅពេលដែលម៉ាកយីហោមួយចំនួនអាចលក់បានលើសផែនការឆ្ងាយ ខណៈដែលម៉ាកយីហោផ្សេងទៀតមិនអាចឈានទៅដល់គោលដៅដែលពួកគេបានកំណត់នោះទេ។

ជាក់ស្តែង BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិនផ្ទាល់បានរាយការណ៍ពីការលក់រថយន្តបានជាង ៤,៦លានគ្រឿង ដែលស្មើនឹង ៨៣,៦៨% នៃគោលដៅបានកំណត់ ៥,៥លានគ្រឿង។ ទោះបីជាមិនទាន់អាចសម្រេចបានតាមគោលដៅលក់ក៏ដោយ ក៏ BYD នៅតែជាក្រុមហ៊ុនផលិតរថយន្តចិនឈានមុខគេ បើគិតលើបរិមាណនៃការប្រើប្រាស់ក្នុងឆ្នាំ ២០២៥។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ដោយឡែក ក្រុមហ៊ុន Geely បានបញ្ចប់ឆ្នាំចាស់ជាមួយនឹងការលក់រថយន្តបានជាង ៣លានគ្រឿង ដែលសម្រេចបាន ១០០,៨២% នៃគោលដៅដែលបានកំណត់។ ខណ:ពេលដំបូង Geely រំពឹងថានឹងលក់រថយន្តឱ្យបាន ២,៧១លានគ្រឿងក្នុងឆ្នាំនេះ ប៉ុន្តែក្រោយមកបានកែតម្រូវឡើងដល់ ៣លានគ្រឿង។ បើប្រៀបធៀបទៅនឹងគោលដៅដើម អត្រាសម្រេចបានរបស់ Geely គឺឡើងដល់ ១១១,៦%។ ក្រុមហ៊ុន Chery លក់រថយន្តបានជាង ២,៨លានគ្រឿងក្នុងឆ្នាំ២០២៥កន្លងទៅ ដែលសម្រេចបាន ៨០,៧២%នៃគោលដៅដើមបានកំណត់ ៣,២៦លានគ្រឿង។ ចំណែកឯក្រុមហ៊ុន Great Wall Motors ហាក់ដូចជាក្រុមហ៊ុនរថយន្តដែលខកបំណងខ្លាំងជាងគេ ដោយសារការលក់បានត្រឹមតែ ១,៣២៣ លានគ្រឿង ដែលស្មើនឹង ៣៣,០៩% ប៉ុណ្ណោះ បើធៀបនឹងគោលដៅដ៏ខ្ពស់រហូតដល់ ៤លានគ្រឿង។

ក្នុងចំណោមក្រុមហ៊ុនដែលសម្រេចបានលទ្ធផលលើសការរំពឹងទុក ក្រុមហ៊ុន Leapmotor សម្រេចបានការចែកចាយរថយន្តចំនួន ៥៩៦ ៥៥៥គ្រឿង ដែលលើសពីគោលដៅ ៥០០ ០០០គ្រឿងដែលបានកំណត់យ៉ាងខ្ពស់រហូតដល់ ១១៩,៣១%។ ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Xpeng Motors សម្រេចបានការចែកចាយរថយន្តចំនួន ៤២៩ ៤៤៥គ្រឿង ដែលលើសពីគោលដៅ ៣៥០ ០០០ គ្រឿងចំនួន ២២,៦៩%។

ចំណែកក្រុមហ៊ុន Xiaomi Auto នៅក្នុងឆ្នាំដំបូងបង្អស់នៃការផលិតពេញលេញរបស់ខ្លួន បានចែកចាយរថយន្តលើសពី ៤០០ ០០០គ្រឿង ដែលលើសពីគោលដៅ ៣៥០​ ០០០គ្រឿង ជាមួយនឹងអត្រាសម្រេចបានលើសពី ១១៤,២៩%។ ក្រុមហ៊ុនថ្មីថ្មោងនេបានរាយការណ៍ថា ការលក់ក្នុងខែធ្នូបានកើនឡើងលើសពី ៥០ ០០០គ្រឿង។ ក្រុមហ៊ុន Li Auto បានចែកចាយចំនួន ៤០៦ ៣៤៣គ្រឿង ដែលស្មើនឹង ៦៣,៤៩% នៃគោលដៅ ៦៤០ ០០០គ្រឿង។ ដោយឡែក ក្រុមហ៊ុន Nio បានបញ្ចប់ឆ្នាំ២០២៥ ជាមួយចំនួន ៣២៦ ០២៨គ្រឿង ពោលគឺស្មើនឹង ៧៤,១០% នៃគោលដៅ ៤៤០ ០០០គ្រឿងរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម