មកដឹងពីបណ្ណបើកបរតាមប្រភេទយានយន្ត បើប្រើមិនត្រឹមត្រូវតាមប្រភេទយានទេ នឹងត្រូវពិន័យប៉ុន្មានរៀល?

បណ្ណបើកបរជាតិ មានចំនួន ៥ប្រភេទរួមមាន ប្រភេទ ក ខ គ ឃ និង ង។ អ្នកកាន់បណ្ណបើកបរ ត្រូវបានកំណត់ចាប់ពីអាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ, អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១ និងអាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង។

១. បណ្ណបើកបរ ប្រភេទ កៈ សម្រាប់​ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១គីឡូវ៉ាត់ ទោចក្រយានយន្ត​សណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. បណ្ណបើកបរ ប្រភេទ ខៈ សម្រាប់​រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។

៣. បណ្ណបើកបរ ប្រភេទ គៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមានលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉ក​ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។

៤. បណ្ណបើកបរប្រភេទ ឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ក្នុងនោះ រួមមាន ឃ១ និង ឃ២។ សម្រាប់ឃ១ រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ (គិតទាំងអ្នកបើកបរ) និងសណ្តោងរ៉ឺម៉កមានទម្ងន់អតិបរមាមិនលើស ០,៧៥តោន។ សម្រាប់ឃ២ រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ (គិតទាំងអ្នកបើកបរ) និងសណ្តោងរ៉ឺម៉កមានទម្ងន់អតិបរមាមិនលើស ០,៧៥តោន។

៥. ប្រភេទ ងៈ សម្រាប់ប្រភេទនេះ គឺអាចបើកបររថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់​សរុបអតិបរមាលើសពី ០,៧៥តោន ហើយត្រូវចែកជា ៣ប្រភេទ គឺប្រភេទ ង(ខ)  ប្រភេទ ង(គ) និងប្រភេទ ង(ឃ)។

ប្រសិន​បើអ្នកបើកបរ ប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន នឹងត្រូវរងការពិន័យ​ទឹកប្រាក់ចំនួន ១៨០ ០០០រៀល (សម្រាប់អ្នកបើកបរយានយន្តធុនស្រាល) និង ៣៧៥ ០០០រៀល (សម្រាប់អ្នកបើកបរយានយន្តធុនធ្ងន់)។ នេះបើយោងតាមអនុក្រឹត្យលេខ៣៩ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ចំណែក អ្នកបើកបរយានយន្ត​ដោយគ្មានបណ្ណបើកបរស្របតាមច្បាប់ ឬបើកបរ​យានយន្ត​ក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍ នូវទឹកប្រាក់ចំនួន ១ ២០០ ០០០ រៀល សម្រាប់យានយន្តធុនស្រាល និង ២ ៤០០ ០០០រៀល សម្រាប់យានយន្តធុនធ្ងន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម