មកដឹងពីរបៀបកំណត់ការបាត់ប្រេងម៉ាស៊ីនរបស់រថយន្ត

ការបាត់កម្រិតប្រេងម៉ាស៊ីនរថយន្ត គឺជាបញ្ហាទូទៅមួយដែលតែងកើតឡើងចំពោះ​រថយន្តចំហេះក្នុង គ្រាន់តែបាត់តិចតួច ឬបាត់ច្រើន អាស្រ័យទៅលើមូលហេតុជាក់ស្តែងរបស់វា។

របៀបកំណត់ការបាត់ប្រេងម៉ាស៊ីន គឺគេមើលទៅលើការលេចជ្រាបតាមរយៈ រិញ រ៉ង ឬហ្វឺតណាមួយ​ក្នុងម៉ាស៊ីន ហើយកាន់តែច្បាស់នោះ គឺមានការលេចស្រកចុះដីក្រោមរថយន្ត។ យ៉ាងណាមិញ បើមិនមានករណីលេចជ្រាបស្រកប្រេងនេះទេ គឺគេអាចប៉ាន់ស្មានទៅលើ​ភាពសឹកចិលនៃគ្រឿងបង្គុំម៉ាស៊ីន ជាពិសេស ពិស្តុង ក្រវាត់ពិស្តុង និងជញ្ជាំងស៊ីឡាំង ដែលបណ្តាលឲ្យប្រេងម៉ាស៊ីន អាចហូរចូលដល់បន្ទប់ចំហេះ ដែលត្រូវបានដុតចោលជាមួយខ្យល់ និងឥន្ធនៈ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ការខូចវ៉ាល់ PCV, ការរលុងរបស់តម្រងប្រេងម៉ាស៊ីន និងកំហាប់ប្រេងដែលមិនត្រូវជាមួយស្ថានភាពម៉ាស៊ីន ក៏ជាមូលហេតុនៃការបាត់ប្រេងផងដែរ។

ក្រៅតែពីឃើញការស្រកប្រេងក្រោ​មរថយន្ត គេក៏អាចកត់សម្គាល់ដឹងការបាត់ប្រេងតាមរយៈផ្សែងពណ៌ខៀវ ដែលចេញហ៊ុយចេញពីបំពង់ស៊ីមាំងក្រោយពេលបញ្ឆេះម៉ាស៊ីន ព្រោះវាបណ្តាលមកពីប្រេងដែលបានឆេះ​ក្នុងបន្ទប់ចំហេះ និងជាពិសេសចេញសញ្ញាឆេកប្រេងម៉ាស៊ីនដែលបង្ហាញក្នុងកុងទ័រ ព្រោះវាបញ្ជាក់ថា ប្រេងម៉ាស៊ីនត្រូវបានបាត់ និងខ្វះខ្លាំងដែលអាចឲ្យម៉ាស៊ីនខូចធ្ងន់ធ្ងរ។

ដូច្នេះហើយ អ្នកបើកបរតែងតែត្រូវបានក្រើនរំលឹក ឲ្យឆែកម៉ាកេប្រេងម៉ាស៊ីនជាទៀងទាត់ ដើម្បីមើលកម្រិតប្រេង ហើយប្រសិនបើឃើញបាត់ គួរយកចូលការ៉ាស់ដើម្បីជួសជុល ឲ្យបានឆាប់តាមដែលអាចធ្វើបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម