មកដឹងពីវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះឬឆៀក ដែលត្រូវដាក់តាមរថយន្តគ្រប់ពេល

យោងតាមប្រកាសលេខ១៧០ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ បានបញ្ជាក់ថា គ្រប់រថយន្តដែលបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ នឹងទទួលបានវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។

ទាំងវិញ្ញាបនបត្រ និងលតាបត្រនេះ ត្រូវដាក់តាមរថយន្តគ្រប់ពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។ ក្នុងនោះសម្រាប់វិញ្ញាបនបត្រ អាចប្រើឯកសារថតចម្លងបាន ចំណែកលតាបត្រ ត្រូវបិទនៅជ្រុងខាងលើ ផ្នែកខាងស្តាំ ផ្ទៃខាងក្នុងកញ្ចក់មុខរបស់រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មានទំហំ ២១០ x ១៤៨មីលីម៉ែត្រ ដែលមានបង្ហាញព៏ត៌មានដូចជា ថ្ងៃខែឆ្នាំត្រួតពិនិត្យ និងផុតកំណត់ ផ្លាកលេខ ម៉ាក ពណ៌ ឆ្នាំផលិត ទំហំស៊ីឡាំង កម្លាំងសេះ ចំនួនកៅអី ប្រភេទប្រេងឥន្ធនៈ បណ្តោយ ទទឹង កម្ពស់ ទម្ងន់ ចំនួនភ្លៅ លេខម៉ាស៊ីន លេខតួ-លេខសាក់ស៊ីជាដើម។

ចំណែកលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មានទំហំ ១១០ x ៧០មីលីម៉ែត្រ ដែលមានបង្ហាញកាលបរិច្ឆេទផុតសុពលភាព QR Code ផ្លាកលេខ និងនាមករណ៍ក្រុមហ៊ុនត្រួតពិនិត្យ។ គួរបញ្ជាក់បន្ថែមថា រាល់ខ្លឹមសារក្នុងវិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មិនត្រូវក្លែងបន្លំ កោសលុប ឬកែជាដាច់ខាត និងត្រូវថែរក្សាឲ្យបានល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម