ថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះ បងប្អូនយើងបានធ្វើដំណើរកម្សាន្តទៅតាមបណ្តាខេត្តនានា។ ក្នុងនោះ ក៏មានរថយន្តខ្លះ បានខូចតាមផ្លូវផងដែរ។ យ៉ាងណាមិញ ប្រសិនបើរថយន្តអ្នក ពុំមានបញ្ហាអ្វីទេ ពេលមកដល់ផ្ទះវិញ ក៏គួរត្រួតពិនិត្យផងដែរនូវផ្នែកមួយចំនួនដូចខាងក្រោមនេះ

១. សំបកកង់៖ ត្រូវពិនិត្យមើលសម្ពាធខ្យល់ ភាពសឹករិចរិល ភាពប៉ោង និងរបស់មុតស្រួចដែលចាក់ជាប់សំបកកង់។
២. ប្រេងម៉ាស៊ីន៖ ដកម៉ាកេប្រេងម៉ាស៊ីនមើល ថាតើមានបាត់ប្រេងកម្រិតណា ឬអត់ និងពិនិត្យមើលពណ៌របស់ប្រេងថាតើវាកាន់តែខ្មៅ ឬយ៉ាងណា។
៣. ទឹកស្អំ៖ ត្រូវពិនិត្យមើលទាំងធុងទឹក និងធុងទឹកសាគួរ ថាតើវានៅគ្រប់បរិមាណដដែល ឬបាត់ទឹកខ្លះ ព្រោះពេលធ្វើដំណើរវាអាចមានអ្វីមួយ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធទឹក។ ក្រៅពីនេះ ក៏គួរពិនិត្យមើលបន្ថែមនូវប្រេងបូមចង្កូត ប្រេងហ្វ្រាំង និងប្រេងប្រអប់លេខផងដែរ។
៤. ហ្វ្រាំង៖ ត្រូវផ្ទៀងស្តាប់ នូវសំឡេងខុសប្រក្រតីពេលជាន់ហ្វ្រាំង ហើយប្រសិនបើសង្ស័យ ត្រូវយកចូលការ៉ាស់ ដើម្បីឲ្យជាងឆែកមើលកម្រាស់របស់ស្បែកហ្រ្វាំង។
៥. ឆែកមើលចង្កៀង ភ្លើងហ្វ្រាំង និងភ្លើងស៊ីញ៉ូ ឡើងវិញ ថាតើវានៅដំណើរការធម្មតា ឬដាច់ភ្លើងត្រង់កន្លែងណាមួយ។
៦. ត្រូវពិនិត្យមើលផ្លិតទឹក ក្រែងលោវាខូច ដោយសារត្រូវប្រើវាច្រើន ពេលមានភ្លៀងធ្លាក់តាមផ្លូវ។ ជាមួយគ្នានេះ ក៏ត្រូវចាក់ទឹកបាញ់កញ្ចក់ឲ្យពេញធុងវិញផងដែរ។
៧. តម្រងខ្យល់ ឬសំបុកអ៊ែរ ក៏ត្រូវពិនិត្យមើលផងដែរ ថាតើវាមានភាពកខ្វក់កម្រិតណា ឬគួរប្តូរថ្មីតែម្តង ព្រោះវាជាអ្នកទប់ស្កាត់មិនឲ្យដីធូលី ចូលក្នុងម៉ាស៊ីនបានឡើយ។
៨. ជើងក្រោម៖ ប្រសិនបើលោកអ្នកបានធ្វើដំណើរទៅកាន់តំបន់ដែលមានស្ថានភាពផ្លូវពិបាកៗ ពេលមកវិញ គួរចូលការ៉ាស់ ឡើងប៉ុងមើលជើងក្រោម និងពិនិត្យមើលការលេចជ្រាបផ្សេងៗ ព្រោះបើមានកំហូចណាមួយ ត្រូវជួសជុលភ្លាម បើទុកយូរបន្តប្រើប្រាស់ វានឹងបង្កផលប៉ះពាល់ទៅផ្នែកផ្សេងៗ៕













