រថយន្ត Bugatti Veyron ស៊េរីឆ្នាំ២០០៨ មួយគ្រឿង ដែលបានកែដោយក្រុមហ៊ុន Mansory កំពុងត្រូវគេដាក់លក់ នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
រថយន្ត Bugatti Veyron ដែលមានពណ៌ក្រហមនេះ ត្រូវបានគេលេងផ្នែកខាងមុខ ជាពិសេសប៉ាណាមុខ និងគម្របម៉ាស៊ីន Carbon Fiber តែម្តង។ មិនតែប៉ុណ្ណោះ ផ្នែកចំហៀង ដំបូល និងផ្នែកខាងក្រោយ ក៏ត្រូវបានលេងកាង Carbon Fiber យ៉ាងទាក់ទាញផងដែរ ដែលធ្វើឲ្យរថយន្តនេះ កាន់តែលេចធ្លោពីគេ។
អ្វីដែលរឹតតែពិសេសនោះគឺ គេក៏បានលេងកាប៊ីនខាងក្នុងរបស់វាដែរ ដោយរំលេចដោយ Carbon Fiber លើដៃចង្កូត, តាប្លូកណ្តាល, ចង្កឹះលេខ, ចង្កឹះលេខដៃលើចង្កូត និងដៃទ្វារ ផងដែរ។
គួរឲ្យដឹងថា រថយន្ត Bugatti Veyron នេះមានលេខតួ ១១៥ ហើយជារថយន្ត Veyron ទី៣៨ ដែលបានលក់នៅសហរដ្ឋអាមេរិក។ កំពូលរថយន្តស្ព័រនេះទើបតែត្រូវប្រើបានចម្ងាយក្រោម ១៤ ០០០ម៉ាយ៍ ឬក្រោម ២២ ៥៣០គីឡូម៉ែត្រប៉ុណ្ណោះ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ១,២៥លានដុល្លារ៕