គិតមកដល់ត្រីមាសទី១នៃឆ្នាំ២០២១នេះ គេសង្កេតឃើញថាទីផ្សាររថយន្តអគ្គិសនីសុទ្ធ កាន់តែមានសន្ទុះខ្លាំងឡើង ហើយក្រុមហ៊ុន Tesla លែងជាក្រុមហ៊ុនដែលវ៉ាដាច់គេទៀតហើយ ព្រោះថាមានគូប្រកួតប្រជែងជាច្រើនបានតាមពីក្រោយយ៉ាងកៀកបំផុត។
បើគិតត្រឹមត្រីមាសទី១នេះ ក្រុមហ៊ុន Tesla បានកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីសុទ្ធបាន ២៥% ជាមួយចំនួនលក់បានសរុប ១៨៤ ៥០០គ្រឿង។ ចំណែកចំណាត់ថ្នាក់លេខ២គឺបានទៅលើក្រុមហ៊ុន SAIC របស់ចិនដែលមានចំណែកទីផ្សារ ១៧% (១ភាគធំគឺដោយសាររថយន្តអគ្គិសនី Hongguang Mini EV) ដែលលក់រថយន្តបានចំនួន ១២៤ ៩២២គ្រឿង។
ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដែលអាចលក់រថយន្តបាន ៦៣ ០៨៥គ្រឿង កាន់កាប់ចំណែកទីផ្សារ ៨%។ ក្រុមហ៊ុនបន្ទាប់គឺ BYD អាចលក់រថយន្ត ៣៨ ៨២៦គ្រឿង កាន់កាប់ចំណែកទីផ្សារ ៥% និងក្រុមហ៊ុន Stellantis លក់រថយន្តបាន ៣៥ ៤៥០គ្រឿង ក្ដោបក្ដាប់ទីផ្សារ ៥%៕