រថយន្ត Lister Stealth ឆ្នាំ ២០២១ ត្រូវបានប្រសិទ្ធិនាមថាជារថយន្ត SUV ល្បឿនលឿនជាងគេបំផុតរបស់ប្រទេសអង់គ្លេស ដោយរថយន្តនេះផលិតឡើងផ្អែកលើរថយន្ត Jaguar F-Pace SVR។
Lister Stealth ឆ្នាំ ២០២១ មានបំពាក់ម៉ាស៊ីន ៥,០លីត្រ V8 ប្រភេទ Turbocharged ដូចជា Jaguar F-Pace SVR ដែរ ប៉ុន្តែគេបានកែសម្រួលវាឲ្យអាចផលិតកម្លាំងបាន ៦៧៥សេះ។ ជាមួយម៉ាស៊ីនកែនេះ អាចឲ្យរថយន្តស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,៦វិនាទី និងមានល្បឿនអតិបរមា ៣១៤គ.ម/ម៉។
ក្រុមហ៊ុន Lister អះអាងថារថយន្ត Stealth ស៊េរីថ្មីនេះគឺជា SUV កម្លាំងខ្លាំង និងមានល្បឿនលឿនជាងគេរបស់អង់គ្លេស មានសមត្ថភាពខ្លាំងជាង Lamborghini Urus, Aston Martin Vantage និង McLaren 570GT ទៅទៀត។
គួរដឹងថារថយន្ត Lister Stealth នេះមានកំណត់ចំនួនផលិតត្រឹម ១០០គ្រឿងប៉ុណ្ណោះ ដោយវាមានតម្លៃចាប់ពីប្រមាណ ១៤៦ ៧២១ដុល្លារ៕