
កម្ពុជានិងអូស្ត្រាលី បានគាំទ្រការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACEC) ដើម្បីរួមគ្នាអភិវឌ្ឍមូលធនមនុស្ស បង្កើនភាពធន់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យមានសមត្ថភាពខ្ពស់សម្រាប់ចូលរួមការអភិវឌ្ឍវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា។

ក្នុងពិធីបិទសិក្ខាសាលស្តីពី ‘ភាពជាដៃគូរវាងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម’ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា មជ្ឈមណ្ឌលនេះនឹងចូលរួមដើរតួនាទីសំខាន់ក្នុងការជំរុញការបង្កើនកម្លាំងជំនាញផ្នែកយានយន្ត សម្រាប់ទាក់ទាញ និងលើកកម្ពស់ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ស្របតាមចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
មជ្ឈមណ្ឌលនេះនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងទំនុកចិត្តសម្រាប់បណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យយានយន្តនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង និងអាចធានាបាននូវភាពប្រកួតប្រជែងខ្ពស់ ហើយក៏រំពឹងថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាគំរូនៃការបង្កើតមជ្ឈមណ្ឌលឧត្តមភាពលើវិស័យផ្សេងទៀត ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សូមជម្រាបថា មជ្ឈមណ្ឌល ACEC ជាគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ផ្តោតលើការរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត ក្រោមកិច្ចសហការរវាងក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន BKI របស់ប្រទេសអូស្ត្រាលី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការបង្កើតមជ្ឈមណ្ឌល ACEC នេះឡើងគឺដោយសារការមើលឃើញពីភាពមានកម្រិតក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យយានយន្តនៅកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនជួបបញ្ហាប្រឈមជាប្រចាំក្នុងការរក្សាបាននូវបុគ្គលិកជំនាញក្នុងរយៈពេលវែង ស្របពេលដែលតម្រូវការជំនាញក្នុងវិស័យនេះមានការកើនឡើងជាបន្តបន្ទាប់។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំដោយផ្អែកលើគំរូអនុវត្តរបស់មជ្ឈមណ្ឌល Automotive Centre of Excellence (ACE) របស់ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់ប្រព័ន្ធកម្មសិក្សាវិជ្ជាជីវៈ ដែលអាចអនុញ្ញាតឱ្យសិស្សនៅមជ្ឈមណ្ឌល ទទួលបានការបណ្តុះបណ្តាល និងការអនុវត្តការងារក្នុងពេលតែមួយ។

គំនិតផ្តួចផ្តើមនេះមានមហិច្ឆតាជួយជំរុញឱ្យកម្ពុជាក្លាយជាបណ្តុំនៃការបណ្តុះបណ្តាលវីជ្ជាជីវៈលើវិស័យយានយន្ត (Hub for Automotive Vocational Training) នៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានផែនការបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិលើវិស័យផ្សេងទៀតផងដែរនាពេលអនាគត៕
















