[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមអារ៉ាមថា រថយន្ត Toyota Fortuner ជំនាន់ក្រោយនឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដែលត្រូវបានប្រើនៅលើ Toyota Innova , Land Cruiser 300, Tundra និង Lexus LX500 ដោយគ្រោងឆ្អឹងតួនេះនឹងជួយឲ្យរថយន្ត Toyota Fortuner កាន់តែមានភាពបត់បែនយ៉ាងល្អគ្រប់ស្ថានភាពផ្លូវ។
បើនិយាយពីរូបរាងវិញ Fortuner ថ្មីនឹងចែករំលែកលក្ខណៈពិសេសការរចនាជាមួយនឹងរថយន្តភីកអាប់ Tacoma Pickup ដែលស្រដៀងទៅនឹង Hilux ជាមួយនឹងការរចនាដ៏រឹងមាំដូចជា គម្របម៉ាស៊ីនជាមួយប៉ាណាមុខជាប់ជាមួយចង្កៀងមុខផ្តល់នៅភាពហាប់ណែន និងនៅផ្នែកខាងក្រោមមានភាពស្រដៀងទៅនឹងរថយន្ត Lexus LC500 ជាដើម។
ផ្ទុយទៅនឹងម៉ូដែលជំនាន់បច្ចុប្បន្ន រថយន្ត SUV ថ្មីនេះក៏ត្រូវគេរំពឹងថានឹងមានបច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបជាងមុនដូចជាប្រព័ន្ធជំនួយការបើកបរ ADAS កាំមេរ៉ា ៣៦០ ដឺក្រេ និងដំបូលកញ្ចក់បែប Panoramic Sunroof ក្នុងចំណោមគ្រឿងបរិក្ខាផ្សេង ហើយនៅក្រោមគម្របរថយន្ត Fortuner ត្រូវបានគេរំពឹងថានឹងបំពាក់ដោយម៉ាស៊ីនចំណុះ ២,៤ លីត្រថ្មី ទំហំ ៤ ស៊ីឡាំង turbocharged រួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធកូនកាត់ mile-hybrid ដើម្បីនាំមកនៅការសន្សំសំចៃប្រេងកាន់តែច្រើន។
ព័ត៌មាននេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Toyota បានបង្ហាញរូបភាពដំបូងបង្អស់នៃរថយន្តភីកអាប់ Tacoma ថ្មីសម្រាប់ទីផ្សារអាមេរិកខាងជើង ដែលនឹងប្រើប្រាស់ប្រព័ន្ធតួថ្មីទាំងអស់។ លើសពីនេះ ការដាក់បង្ហាញចេញនៅរថយន្ត Fortuner ជំនាន់ក្រោយក៏នឹងនាំឲ្យមានការផ្លាស់ប្តូរលើរថយន្ត Land Cruiser Prado ដែរ៕